2025-07-25 19:40
28

ពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនា និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងសម្របសម្រួលបងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួន ចេញពីតំបន់សមរភូមិមុខ ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា មកកាន់ទីកន្លែងសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រឈមសមរភូមិមុខផងដែរ។

លោករដ្ឋមន្ត្រីបានលើកឡើងថា «សម្តេចបានយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាក់ស្តែងដូចបងប្អូនរស់នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានជម្លៀសចេញពីតំបន់ប្រឈមមុខការប្រយុទ្ធមកកាន់ទីកន្លែងមានសុវត្ថិភាព»។ លោកបន្ថែមថា «ទីកន្លែងនេះ គឺមានសុវត្ថិភាពខ្ពស់ មានទាំងគ្រូពេទ្យ និងមានស្បៀងអាហារគ្រប់គ្រាន់ផ្តល់ជូនបងប្អូន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានចាកចេញ យើងក៏មានរថយន្ត ដើម្បីត្រៀមជម្លៀសចេញជាបន្តបន្ទាប់ផងដែរ»

ជាមួយគ្នានោះដែរ លោក ខូយ រីដា ក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពជាប់ជាប្រចាំ ដោយត្រូវប្រកាន់ភ្ជាប់ ការផឹកស្អាត ហូបស្អាត និងរស់នៅស្អាត និងត្រូវត្រៀមលក្ខណៈ ក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានជាប្រក្រតីឡើងវិញ ក្រោយពេលដែលស្ថានភាព នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ និងមានសន្តិសុខល្អប្រសើរ។

លោក ធាង ឡេង អភិបាលស្រុកវាល បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលនៅក្នុងឃុំថ្មដា ត្រូវបានជម្លៀសមកស្រុកវាវែងដែលជាកន្លែងសុវត្ថិភាពនេះ មានចំនួន ១១៤ គ្រូសារ និងបន្តមកតាមក្រោយជាបន្តបន្ទាប់ទៀត។ ហើយសម្រាប់សភាពការណ៍នៅតាមបន្ទាត់ខ្សែក្រវ៉ាត់ព្រំដែនខេត្តពោធិ៍សាត់ខ្មែរថៃ ចាប់តាំងពីមានការផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះមក គឺសភាពការណ៍មានភាពល្អប្រសើរស្ងប់ស្ងាត់៕ លាន គ្រន