2025-07-25 16:07
22

ការផ្ទុះអាវុធរវាងកម្ពុជា និងថៃ នៅតែបន្តក្ដៅគគុកនៅឡើយ ដោយថ្ងៃនេះគឺជាថ្ងៃទី២ ហើយ ដែលថៃបានបើកការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ បើកការឈ្លានពានលើដែនដីកម្ពុជាមិនទាន់អស់ចិត្ត ខណៈនៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៥ នេះ កងទ័ពថៃ បានប្រើប្រាស់គ្រាប់បែកចង្កោម (Cluster Bombs)។ 

គ្រាប់បែកប្រភេទនេះ វាមានកូនគ្រាប់បែកតូចៗ ដែលមានទម្រង់ជាកូនបាល់ ឬ គ្រាប់វែង ដែលធ្លាក់រាយប៉ាយលើដី ហើយវានឹងផ្ទុះគ្រប់ពេលនៅពេលដែលមានមនុស្ស សត្វ យានជំនិះ បរជាន់ ឬប៉ះពាល់វា។ 

ចំពោះការប្រើអាវុធប្រភេទនេះឈ្លានពានលើកម្ពុជា គឺជាការរំលោភច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ ស្ដីពីអនុសញ្ញាគ្រាប់បែកចង្កោម ដែលត្រូវបានចុះហត្ថលេខានៅទីក្រុង អូស្លូ នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០០៨ និងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១០។ 

ការប្រើអាវុធប្រភេទនេះ ចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលពួកសៀមធ្លាប់បានប្រើប្រាស់ម្ដងរួចម្ដងហើយ ក្នុងសង្គ្រាមជាមួយកម្ពុជាកាលពីកំឡុងខែកុម្ភៈ ឆ្នាំ ២០១១ ក្នុងជម្លោះប្រាសាទព្រះវិហារ។ 

អ្វីដែលរឹតតែហួសពីការរំពឹងទុកនោះ ចាប់តាំងពីថ្ងៃទី២៤ រហូតមកដល់ ២៥ កក្កដា នេះ កងទ័ពថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ក្នុងការពាំគ្រាប់បែកទម្លាក់លើមូលដ្ឋានទ័ព និងប្រជាជនស្លូតត្រង់កម្ពុជារាប់រយនាក់ ដែលទង្វើដ៏គឃ្លើននេះ ចាត់ទុកជាការរំលោភបំពានលើកិច្ចព្រមព្រៀងទិញ-លក់ចុងក្រោយ (end-user agreements ឬ EUA) របស់អាមេរិកទាំងស្រុង។ 

ព្រោះរាល់ការកុម្ម៉ង់ទិញគ្រឿងសព្វាវុធពីអាមេរិកតែងតែភ្ជាប់មកជាមួយនូវលក្ខខណ្ឌជាក់លាក់ដើម្បីការពារសិទ្ធិមនុស្ស។

ទី១.មុនបញ្ចេញយន្តហោះច្បាំងF-16 ត្រូវសុំការអនុញ្ញាតពីយោធាអាមេរិក។

ទី២.ហាមមិនឲ្យប្រើ F-16 ដើម្បីប្រតិបត្តិការឈ្លានពាន។

ទី៣.ត្រូវប្រាកដថាប្រទេសជម្លោះគឺជាក្រុមភេរវករ និងក្រុមបះបោរ។ 

បើប្រទេសណារំលោភលើគោលការណ៍ EUA អាមេរិកនឹងបញ្ឈប់ការលក់អាវុធនិងឈានដល់ការដាក់ទណ្ឌកម្ម។

គួរបញ្ជាក់ឲ្យដឹងថា រាល់ការកុម្ម៉ង់ទិញគ្រឿងសព្វាវុធពីអាមេរិកត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង តាមរយៈច្បាប់ និងវិធានការផ្លូវការរបស់រដ្ឋាភិបាលអាមេរិក។ 

ហើយចំពោះប្រទេសណាដែលមានបំណងទិញសព្វាវុធពីអាមេរិក ត្រូវបំពេញលក្ខខណ្ឌច្បាស់ៗមួយចំនួនជាមុនសិនដូចជា៖  មិនធ្វើឲ្យមានការគំរាមកំហែងសន្តិសុខអាមេរិក, ប្រើប្រាស់ត្រឹមត្រូវបើយោងតាមគោលបំណងការពារជាតិ ឬសន្តិសុខតំបន់, និងមិនកំពុងរងការពិន័យពីអាមេរិក (economic sanctions or embargoes) ជាដើម។

សរុបជារួមមក តាមរយៈលក្ខខណ្ឌត្រួសៗដែលយើងបានលើកឡើងជាទឡ្ហីករណ៍ខាងលើ សបញ្ជាក់ឲ្យដឹងថាយ៉ាងច្បាស់ថា ភាគីថៃពិតជាបានរំលោភបំពានលើកិច្ចព្រមព្រៀងទិញ-លក់ចុងក្រោយ (end-user agreements ឬ EUA) របស់អាមេរិកទាំងស្រុងពិតប្រាកដមែន។ 

ជាក់ស្ដែង ថៃបានប្រើយន្តហោះចម្បាំង F-16 បើកឈ្លានពានលើកម្ពុជាតាំងពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៥ កក្កដា នេះ នៅមិនទាន់បញ្ឈប់នៅឡើយ៕