2025-07-24 21:42
27

ភ្នំពេញ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការបង្ហាញអំពីបច្ចុប្បន្នភាពនៃការវិវឌ្ឍន៍ថ្មីៗទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ដោយបានលើកឡើងថា៖ «វាពិតជារឿងគួរឱ្យសោកស្តាយបំផុត កាលថ្ងៃទី២៣ ខែកក្កដា ម្សិលមិញ គឺរាជរដ្ឋាភិបាលនៃប្រទេសថៃ ទម្លាក់ការទំនាក់ទំនងកម្រិតការទូតរវាងប្រទេសទាំងពីរធ្លាក់ដល់របត់ថ្មីមួយ ដោយមិនបានបញ្ជូនព័ត៌មានផ្លូវការកំណត់ទូតមកក្រសួងការបរទេសឡើយ»

លោក ជុំ សុន្ទរី បានបន្ថែមថា៖ «របត់ថ្មីនោះ គឺរដ្ឋាភិបាលប្រទេសថៃ បានប្រកាសជាសាធារណៈចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ទាំងអង្គហេតុ និងអង្គច្បាប់ចំពោះមកលើកម្ពុជា ហើយបានចាត់វិធានការទម្លាក់កម្រិតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្រាប់រដ្ឋាភិបាលថៃ ការទម្លាក់កម្រិតការទូតរវាងកម្ពុជា-ថៃនេះ ធ្វើមិនបានសមស្របតាមទម្លាប់អនុវត្តទូទៅជាអន្តរជាតិ ដែលមានកំណត់ក្នុងសន្ធិសញ្ញាទីក្រុងយែតឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត ពោល គឺរដ្ឋាភិបាលថៃ បានប្រកាសជាសាធារណអំពីការទម្លាក់កម្រិតការទូតនេះ ក៏ប៉ុន្តែមិនបានបញ្ជូនព័ត៌មានផ្លូវការតាមរយៈកំណត់ទូតមកក្រសួងការបរទេសនោះទេ»

អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពជម្លោះព្រំដែន កម្ពុជា-ថៃ» នៅវិមានសន្តិភាព នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក ជុំ សុន្ទរី បានថ្លែងថា៖ «ជាការកត់សម្គាល់គោលដៅដែលភាគីថៃបានធ្វើ គឺគ្មានមូលដ្ឋានច្បាស់លាស់អំពីអង្គហេតុ អង្គច្បាប់ ហើយរបៀបធ្វើការក៏មិនសមស្របតាមគោលការអន្តរជាតិដែរ។ ជាការឆ្លើយតបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតការទូតមកត្រឹមលេខាទី២ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីនេះ ដើម្បីឱ្យស្របតាមនូវអ្វីដែលរដ្ឋាភិបាលថៃប្រព្រឹត្តមកលើកម្ពុជា ប៉ុន្តែកម្ពុជាបានជូនព័ត៌មានដ៏ត្រឹមត្រូវតាមរយៈកំណត់ទូតក្រសួងការបរទេសទៅឱ្យភាគីថៃ អំពីការសម្រេចរបស់កម្ពុជា វាខុសប្លែកពីរដ្ឋាភិបាលថៃ មិនបានបញ្ជូនព័ត៌មានត្រឹមត្រូវតាមច្រកការទូតនោះទេ»

ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយកម្លាំងយោធាមកលើកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ «ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារដោយធាជាការរំលោភបំពានលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា និងជាអំពើដែលរំលោភបំពានទៅលើច្បាប់អន្តរជាតិដែលបានកំណត់ក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាតិ ក៏ដូចជាបានកំណត់ក្នុងធម្មនុញ្ញអាស៊ានដែលប្រទេសទាំងពីរជាសមាជិកគ្រួសារអាស៊ាននេះ»

លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «ជំហរដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងសន្តិភាព មិនមែនប្រើប្រាស់កម្លាំងយោធានោះទេ។ ក្នុងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតទៅកាន់លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជម្រាបជូនអំពីការវិវឌ្ឍន៍ថ្មីពីការវាយប្រហារពីសំណាក់ភាគីថៃមកលើអធិបតេយ្យកម្ពុជា និងបានស្នើសុំឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាកោះប្រជុំបន្ទាន់ ដើម្បីសុំការអន្តរាគមន៍ ដោះស្រាយបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា»