
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងក្នុងសន្និសីទសារព័តមាន បានធ្វើសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពជម្លោះព្រំដែន កម្ពុជា-ថៃ» នៅវិមានសន្តិភាព នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា៖ «ក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានរួចហើយ បញ្ជាក់អំពីដំណើរដើមទង និងហេតុការណ៍នៃការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃនៅតំបន់ព្រំដែនព្រះវិហារ និងឧត្តមានជ័យ គឺផ្តើមឡើងមុនដោយភាគីថៃបានឈ្លានពានចូលមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា»។
លោកស្រីឧត្តមសេនីយ៍ឯកបានថ្លែងអំពីហេតុការណ៍ដែលឈានដល់ការប្រយុទ្ធគ្នានៅតំបន់ព្រំដែននេះថា៖ «នាព្រឹកព្រហាម វេលាម៉ោង ០៦និង៣០នាទី ថ្ងៃទី២៤ កក្កដានេះ ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពជាមួយគ្នា ដោយឡើងមកលើប្រាសាទតាមាន់ធំមិនបានជូនដំណឹងមុនមកកម្ពុជា ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទតាមាន់ធំ ដែលជាផែនការឈ្លានបំបូងរបស់ភាគីថៃ។ ជំនហានបន្ទាប់នៅវេលាម៉ោង ០៧និង០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ដើម្បីស៊ើបការណ៍ ដល់ម៉ោង ០៨និង៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើក្នុងទឹកដីរបស់ខ្លួន ដើម្បីបញ្ឆោតភាគីកម្ពុជាឱ្យធ្លាក់ចូលអន្ទាក់ពួកគេ ប៉ុន្តែកម្ពុជាមិនចាញ់បោកថៃឡើយ»។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានបន្ថែមទៀតថា៖ «...រហូតម៉ោង ០៨និង៤៦នាទី កងទ័ពឈ្លានពានថៃមិនអាចទប់នូវមហិចតារបស់ខ្លួនបាន ក៏បើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ហើយកម្ពុជាបានធ្វើការឆ្លើយតបវិញ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ដោយភាពរឹងមាំ ក្លាហាន និងជឿងជាក់ អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅវេលាម៉ោង ០៨និង៤៧នាទី កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃ»។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងទៀតថា៖ «គិតត្រឹមល្ងាចថ្ងៃព្រហស្សតិ៍នេះ ការវិវឌ្ឍន៍ថ្មី នៃការប្រើប្រាស់សព្វាវុធរបស់ភាគីថៃ ចាប់តាំងពីមុនថ្ងៃទី២៤ កក្កដា ថៃបានដាក់ពង្រាយ ការបង្កើនកម្លាំង ការជីកលេណដ្ឋាន បង្កើនអាវុធគាំទ្រ បានបង្ហាញអំពីមហិចតា និងផែនការច្បាស់ក្នុងការឈ្លានពានមកលើកម្ពុជាតែម្តង»។
លោកស្រីឧត្តមសេនីយ៍បានបន្ថែមថា៖ «សម្រាប់ថ្ងៃនេះយោធាថៃបានបើកការវាយប្រហារ មានចំនួន ០៨ទីតាំង រួមមាន៖ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រី តាថាវ ភ្នំខ្មោច អានសេះ អូរផ្កាស្នេហ៍ និងតំបន់មុំបី»។ លោកស្រីឧត្តមសេនីយ៍ បានបន្តទៀតថា៖ «ក្រោយការបើកការវាយប្រហារមកលើកងទ័ពកម្ពុជា យ៉ាងសន្ធាប់មកលើកទីតាំងមួយចំនួន ឈានដល់ការប្រើប្រាស់អាវុធធន់ធ្ងន់ រហូតប្រើយន្តចម្បាំង F16 ទម្លាក់គ្រាប់បែកក្នុងតំបន់ចំការចេក ផ្លូវវត្តកែវគិរិស្វារៈ ក្នុងខេត្តព្រះវិហារ»។
លោកស្រីឧត្តមសេនីយ៍ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ រឹងមាំរបស់កងទ័ពកម្ពុជាបានដណ្តើមគ្រប់គ្រងប្រាសាទតាក្របី និងតំបន់បាន ១០០ ភាគរយ ដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា»។ ដោយឡែកទីតាំងប្រាសាទតាមាន់ធំ ដែលជាកន្លែងចាប់ផ្តើមផ្ទុះអាវុធដំបូងគេនោះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «យោធាកម្ពុជាបន្តឈរកាន់កាប់ដដែលអត់មានដកថយទសូម្បីមួយជំហាន»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ «ភាគីថៃមិនមែនមានចេតនាវាយប្រហារលើទីតាំងយោធាកម្ពុជាប៉ុណ្ណោះទេ មានការវាយប្រហារចូលទីតាំងប្រជាពលរដ្ឋស្លូតត្រង់កំពុងរស់នៅធ្វើឱ្យពួកគាត់មានការភ័យខ្លាច តក់ស្លុត និងបានសម្រេចចិត្តិជម្លៀសចេញពីតំបន់គ្រោះថ្នាក់ទៅរកទីកន្លែងមានសុវត្ថិភាព»។
ក្រសួងការពារជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានដោយយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ភាគីថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងបានស្នើឱ្យសមាជិកសហគមន៍អន្តរជាតិ ចូលថ្កោលទោសដោយមិនស្ទាក់ស្ទើរពេញទំហឹង។ កម្ពុជា នឹងបន្តធ្វើការងារជាមួយដៃគូរអន្តរជាតិទាំងអស់ដើម្បីឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះទង្វើរំលោភបំពានដ៏កម្រោលរបស់ខ្លួន ជាពិសេសឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកទ័ពចេញទឺកដីកម្ពុជា និងជៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងបន្ថែមទៀ។
ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលបានសំដែលនូវការគាំទ្រ និងឈរជាមួយកងទ័ពដែលកំពុងឈរជើងនៅជួរមុខ ជឿជាក់លើរាជរដ្ឋាភិបាល និងភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជា មិនមានភាពតក់ស្លុត ចំពោះទង្វើឈ្លានពាន ឃោរឃៅ ដ៏គួរឱ្យស្អប់ខ្ពើមពីសំណាក់ភាគីថៃ។ សូមឱ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងកុំតក់ស្លុត បន្តរស់នៅជាធម្មតា ក្រសួងការពារជាតិប្តេជ្ញាឥតងាករេការពារឱ្យបាននូវដែនអធិបតេយ្យភាពរបស់កម្ពុជា មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។
ក្រសួងការពារជាតិ បានសង្កតធ្ងន់ថា៖ «ការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់កម្ពុជា គឺដោយភាពគ្មានជម្រើសក្នុងការប្រើប្រាស់សិទ្ធក្នុងការការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានពីភាគីថៃ បានរំលោភបំពាន ហើយគោលបំណងយោធាកម្ពុជា គឺវាយការពារខ្លួនដោយផ្តោតតែលើកគោលដៅយោធា មិនផ្តោតលើគោលដៅជនស៊ីវិល ឬទីកន្លែងផ្សេងឡើយ»៕


