2025-07-24 20:04
36

ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកពាក្យរាជរដ្ឋាភិបាល បានធ្វើសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពជម្លោះព្រំដែន កម្ពុជា-ថៃ» ពីវិមានសន្តិភាព ដើម្បីឱ្យអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងប្រជាពលរដ្ឋបានជ្រាបជុំវិញ ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតាមបន្ទាត់ព្រំដែនដែលចាប់ផ្តើមដោយភាគីថៃបានឈ្លានពានមកលើកម្ពុជា និងបាញ់ប្រហារមុខមកកងទ័ពកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្សតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក ប៉ែន បូណា ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា៖ «កងទ័ពថៃឈ្លានពានបានបើកការវាយប្រហារមុនមកលើកកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងបានរាលដាលដល់តំបន់មុំបី ព្រមទាំងតំបន់ផ្សេងៗទៀត»

លោក ប៉ែន បូណា បានរំឭកថា ការចាប់ផ្តើមនៃភាពតានតឹងអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានកើតឡើងជាដំបូងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយកងទ័ពថៃ បានលួចចូលមកបាញ់ប្រហារលើយោធាកម្ពុជាម្នាក់ បណ្តាលឱ្យបាត់បង់ជីវិត ដែលកំពុងឈរជើងក្នុងលេណដ្ឋានក្នុងតំបន់មុំបី ដែលជាការចាប់ផ្តើមឈ្លានពានដំបូងរបស់មកលើកម្ពុជា។ ចាប់តាំងពីពេលនោះមកថៃ បានពង្រឹងស្ថានការណ៍ដោយផ្តើមទាញបញ្ហានៅតំបន់មុំបីពង្រីកទៅជាបញ្ហាព្រំដែន រហូតមានការបិទព្រំដែនជាឯកតោភាគី គំរាមផ្តាច់បណ្តាញអគ្គិសនី សេវាអ៊ិនធើណិត ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ទនៈ ឧស្ម័នជាហូរហែនាំឱ្យបញ្ហាកាន់តែរីកធំឡើយជាលំដាប់»

អ្នកនាំពាក្យរដ្ឋាភិបាលបានបន្ថែមទៀតថា៖ «លុះដល់ចុងក្រោយនេះថៃ បានយកបញ្ហាទាហានរបស់ខ្លួនដើរជាន់មីន មកធ្វើជាមូលហេតុ ជាលេសចោទប្រកាន់មកលើកម្ពុជាជាអ្នកលួចដាក់មីនថ្មី ដើម្បីពង្រីបញ្ហាឱ្យកាន់តែធំ និងមានភាពតានតឹងជាលំដាប់ ហើយក្រសួងការពារជាតិកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតប និងបញ្ជាក់ច្បាស់លាស់ហើយថា កម្ពុជាអត់បានធ្វើនោះទេ ប៉ុន្តែថៃបន្តធ្វើជាដើរត្រួតពិនិត្យព្រំតាមដែនដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ភាគីថៃអត់ដើរតាមតម្រាយផ្លូវចាស់ទេ បង្កើតតម្រាយផ្លូវថ្មី ដើរចូលទឹកដីរបស់កម្ពុជា ដែលមានគ្រាប់មីនដែលសល់ពីសម័យសង្គ្រាម»

លោក ប៉ែន បូណា បានបញ្ជាក់ថា៖ «កម្ពុជា បានដាស់តឿនក្រើនរំឭកដល់ភាគីថៃហើយកុំឱ្យដើរខុសតម្រាយផ្លូវដែលបានព្រមព្រៀងគ្នា ព្រោះដែនអធិបតេយ្យរបស់កម្ពុជានៅមានគ្រាប់មីនសេសសល់ពីសម័យសង្គ្រាម ប៉ុន្តែថៃមិនអត់ស្តាប់នៅតែឈ្លានពានដើរជាន់មីនខ្លួនឯងយកជាលេស ដើម្បីបង្កើតទៅជាភាពតានតឹងកាន់តែខ្លាំង នៅថ្ងៃម្សិលមិញថៃ បានប្រកាសបិទព្រំដែនមិនអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ចូលប្រាសាទតាមាន់ធំ បិទប្រាសាទតាមាន់ធំ រហូតថៃខ្លួនឯងប្រកាសថា នេះជាការចាប់ផ្តើមនៃសង្គ្រាម។ នៅយប់ថ្ងៃទី២៣ ខែកក្កដា ថៃបានលួចយកប្រឡាលួសមកដាក់នៅប្រាសាទតាមាន់ធំ លុះព្រលឹមឡើងទាហានថៃបានបាញ់មកលើទាហានកម្ពុជាដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងបានរាលដាលដល់តំបន់មុំបី និងពង្រាយបញ្ហាទៅតំបន់ដទៃទៀតទៅជាសមរភូមិប្រយុទ្ធគ្នា»

អ្នកនាំពាក្យរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា៖ «ថ្នាក់ដឹកនាំរបស់កម្ពុជា ទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាចង់បានសន្តិភាព កម្ពុជាចង់រស់នៅជាមួយប្រទេសជិតខាងល្អ ជាមិត្តភក្តិល្អ ចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍន៍ ដែលនេះ គឺជាជំហរឥតប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា»

លោក ប៉ែន បូណា បានបញ្ជាក់បន្ថែមថា៖ «ជម្រើសប្រើប្រាស់កម្លាំងយោធា គឺជាជម្រើសចុងក្រោយបំផុតមួយក្នុងករណីមានការឈ្លានពានមកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ដូចករណីព្រឹកថ្ងៃព្រហស្សតិ៍នេះ មានការឈ្លានពាន និងបាញ់ប្រហារមកលើយោធាកម្ពុជាទាំងកំរោល អញ្ចឹងកងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់សិទ្ធការពារខ្លួន ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីមិនអុនញ្ញាតឱ្យមានការឈ្លានពានពីសត្រូវដាច់ខាត»

លោក ប៉ែន បូណា បានបញ្ជាក់ថាទៀតថា៖ «កងទ័ពកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចតេជោ កងទ័ពកម្ពុជាមានភាពក្លាហានការពារទឹកដី ហើយឈរការពារជាតិយ៉ាងរឹងមាំ កក់ក្តៅ គ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រយុទ្ធពេញមួយថ្ងៃនេះលើសមរភូមិយកព្រាបលើសត្រូវឈ្លានពានដូចអ្វីដែលថ្នាក់ដឹកនាំធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀត»

លោក ប៉ែន បូណា បានបន្ថែមថា៖ «សករាជតេជោធិបតី យើងមិនអនុញ្ញាតឱ្យសត្រូវទឹកដីកម្ពុជា ប្រមាថ មាក់ងារប្រជាតិខ្មែបានជាដាច់ខាត»