2025-07-24 19:43
27

(កែប) នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ទីវិស័យពាក់ព័ន្ធ ចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងភូមិអូរក្រសារ និងភូមិដំណាក់ចំបក់ក្នុងសង្កាត់អូរក្រសារក្រុងកែបខេត្តកែប។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ តាមការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយពាក់ព័ន្ធនិងព្យុះWipha ពាក់ព័ន្ធនឹងករណីខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យប៉ើងដំបូលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ នាពេលថ្មីៗនេះ វាជាហេតុដោយគ្រោះធម្មជាតិដែលយើងទាំងអស់គ្នាមិនអាចដឹងបានមុននោះទេ ហើយក៍មិនអាចទប់ស្កាត់បាន តែអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន គឺការប្រុងប្រយ័ត្នអោយបានខ្ពស់ និងចូលរួមតាមដាននៅការព្យាករណ៍អាកាសធាតុរបស់ក្រសួងជំនាញប៉ុណ្ណោះ ។

សូមជំរាបដែរថា៖ការយកចិត្តទុកដាក់ចំពោះបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពីសំណាក់ថ្នាក់ដឹកនាំខេត្តកែប ដែលមាន ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជាប្រធាន បានគឹតគូរ និងតាមដាននូវរាល់ហេតុការណ៍ទាំងឡាយជាប់ជាប្រចាំ ដើម្បីដោះស្រាយនៅក្តីកង្វល់  និងទុក្ខលំបាកដោយសារគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុណាមួយ អោយបានទាន់ពេលវេលា កាលពីថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ ឧបត្ថហេតុដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់បក់បោកមកលើរំនៅឋានប្រជាពលរដ្ឋភូមចំនួន២ ស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប បណ្តាលអោយប៉ើងដំបូលផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ថ្នាក់ដឹកនាំខេត្តកែប រួមជាមួយមន្ទីរវិស័យពាក់ព័ន្ធ បានចុះដោះស្រាយភ្លាមៗ ដោយមិនអោយប្រជាពលរដ្ឋរបស់ខ្លួនលំបាកឡើយ។

លោក ឃន វុទ្ធី អភិបាលក្រុងកែប បានអោយដឹងថា៖ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ មានចំនួន២២ គ្រួសារ ក្នុងនោះ ភូមិអូរក្រសារ ៥គ្រួសារ និង ភូមិដំណាក់ចំបក់ ១៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ កន្ទេល ភួយ ម៉ុង មី ប៊ីចេង និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលបានងាយរងគ្រោះដោយការខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២១ កន្លងមកនេះ។ (សឹង រ៉ាត់)