
ឧត្តមានជ័យ៖ ការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជាជាមួយកងទ័ពឈ្លានពានថៃ អស់រយៈពេលជាច្រើនម៉ោងបានធ្វើឱ្យជនស៊ីវិល ស្ត្រីមានផ្ទៃពោះ ចាស់ជរា និងកុមារ ដែលពួកគេរស់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តមានជ័យ បាននាំគ្នាបង្ខំចិត្តដឹកជញ្ជូនស្បៀង និងស្ពាយបង្វិចចុះចេញពីលំនៅដ្ឋានសុខសាន្ត ដើម្បីជម្លៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
ព្រឹត្តិការណ៍នៃការផ្ទុះអាវុធនេះ គឺផ្តើមឡើងដោយកងទ័ពថៃ បានបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ទើបកម្ពុជាប្រើប្រាស់សិទ្ធការពារខ្លួនបានវាយបកទៅភាគីថៃវិញ ដើម្បីការអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងខ្លាំងខ្លាបំផុត ធ្វើឱ្យកងទ័ពសៀមបាក់ទ័ពរត់ខ្ចាត់ខ្ចាយមានអ្នករងរបួសជាច្រើននាក់។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងយោធាកម្ពុជា-ថៃ ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅជាប់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ រួមទាំងស្ត្រីមានផ្ទៃពោះគ្រប់ខែ កុមារ និងចាស់ជរា បានបង្ខំចិត្តនាំគ្នាត្រូវរត់គេចចេញពីផ្ទះសម្បែងដ៏សុខសាន្ត ទៅរកទីកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីគ្រាប់ផ្លោងរបស់យោធាថៃ។
ខណៈពេលកំពុងជម្លៀសប្រជាជនចេញពីតំបន់ដែលអាចរងគ្រោះថ្នាក់ដោយសារគ្រាប់ផ្លោងរបស់ថៃ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានឈឺពោះសម្រាកកូន ហើយត្រូវបានអាជ្ញាធរខេត្តឧត្តមានជ័យដឹកបញ្ជូនតាមរថយន្តស៊ីរ៉ែបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះផងដែរ៕
_1753349013.jpg)
