2025-07-22 08:52
30

ដាកា៖ យ៉ាងហោចណាស់មនុស្ស ១៩ នាក់បានស្លាប់ និង ១៦៤ នាក់រងរបួស ខណៈដែលយន្តហោះហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ចូលទៅក្នុងបរិវេណមហាវិទ្យាល័យ និងសាលារៀនមួយក្នុងរដ្ឋធានីដាកាកាលពីថ្ងៃទី២១ ម្សិលមិញ បន្ទាប់ពីយន្តហោះនេះបានជួបបញ្ហាបច្ចេកទេសភ្លាមៗបន្ទាប់ពីការហោះហើរ។

យោងតាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី២២ កក្កដា នេះបានឲ្យដឹងថា យន្តហោះដែលជួបឧបទ្ទវហេតុខាងលើ ជាយន្តហោះ F-7 BGI ។ ហើយមុនកើតហេតុ យន្តហោះខាងលើ បានហោះឡើងនៅម៉ោង ១៖០៦ នាទី រសៀល។ 

ប៉ុន្តែភ្លាមៗ យន្តហោះនេះបែរជាមានបញ្ហាផ្នែកមេកានិច អ្នកបើកយន្តហោះ បានព្យាយាមគ្រប់គ្រងស្ថានការណ៍ដើម្បីបង្វែរយន្តហោះឱ្យឆ្ងាយពីតំបន់ដែលមានប្រជាជនច្រើន តែទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ យន្តហោះ F-7 BGI បានធ្លាក់ចូលទៅក្នុងអគារពីរជាន់ ដែលជាកម្មសិទ្ធិរបស់សាលា និងមហាវិទ្យាល័យ Milestone រួចទៅហើយ។

ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្ស ១៩នាក់ បានស្លាប់ ក្នុងនោះរួមមានអ្នកបើកយន្តហោះ និងសិស្សថ្នាក់ទី៣ ម្នាក់ផងដែរ និង១៦៤ នាក់ទៀត ដោយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ខណៈនេះ ការស៊ើបអង្កេតមួយកំពុងធ្វើឡើង ដើម្បីរកមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យយន្តហោះខាងលើជួបឧបទ្ទវហេតុបែបនេះ។

គួរបញ្ជាក់ថា យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Jane's Information Group បានឲ្យដឹងថា យន្តហោះ F-7 BGI គឺជាប្រភេទយន្តហោះចុងក្រោយ និងទំនើបបំផុតនៅក្នុងចង្កោមយន្តហោះ Chengdu J-7/F-7 របស់ប្រទេសចិន។ 

ប៉ុន្តែ Chengdu F-7 ក៏ជាកំណែដែលត្រូវបានបង្កើតដោយអាជ្ញាប័ណ្ណរបស់ MiG-21 សូវៀត ផងដែរ។ ដោយ ប្រទេសបង់ក្លាដេសបានទិញយន្តហោះចំនួន ១៦ គ្រឿងនៅឆ្នាំ ២០១១ និងបានទទួលយន្តហោះទាំងអស់នោះនៅឆ្នាំ ២០១៣៕