2025-07-22 11:56
28

ដាកា៖ នៅថ្ងៃអង្គារ នេះ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់បានកើនដល់ ២៧ នាក់ បន្ទាប់ពីយន្តហោះហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ចូលទៅក្នុងបរិវេណមហាវិទ្យាល័យ និងសាលារៀនក្នុងទីក្រុងដាកា ក្នុងនោះមនុស្សចំនួន ៨៨ នាក់រួមទាំងកុមារកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ។ នេះយោងតាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០២៥ នេះ។

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃចន្ទ ម្សិលមិញ យន្តហោះ F-7 BGI បានធ្លាក់ភ្លាមៗបន្ទាប់ពីវាបានហោះឡើងនៅម៉ោង ១៖០៦ នាទី រសៀល ពីមូលដ្ឋានទ័ពអាកាសនៅទីក្រុង Kurmitola ក្នុងបេសកកម្មហ្វឹកហាត់ជាប្រចាំ។ ខណៈនេះ ការស៊ើបអង្កេតមួយកំពុងធ្វើឡើង ដើម្បីរកមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យយន្តហោះខាងលើជួបឧបទ្ទវហេតុបែបនេះ។

សូមរំឭកថា ការធ្លាក់យន្តហោះនេះ បានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីយន្តហោះ Air India បានធ្លាក់ចូលទៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រនៅ Ahmedabad ក្នុងប្រទេសឥណ្ឌា ដោយបានបណ្ដាលឲ្យមនុស្ស ២៤១ នាក់ ស្លាប់ ក្នុងចំណោមមនុស្ស ២៤២ នាក់ នៅលើយន្តហោះ៕