2025-07-22 14:03
35

ថៃ៖ ឧត្តមសេនីយ៍ឯក Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២ ថៃ បានចេញសេចក្តីព្រមានមួយមកកម្ពុជា ទាក់ទងនឹងការគ្រប់គ្រងទេសចរណ៍ នៅប្រាសាទតាមាន់ធំ ជាប់ព្រំដែនកម្ពុជា-ថៃ។ 

យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី២២ កក្កដា នេះបានឲ្យដឹងថា លោក Boonsin Padklang បញ្ជាក់ថា ក្នុងពេលដែលភ្ញៀវទេសចរមកពីគ្រប់ជាតិសាសន៍ ត្រូវបានស្វាគមន៍ឲ្យមកទស្សនាប្រាសាទ ពួកគេត្រូវតែគោរពតាមបទប្បញ្ញត្តិរបស់ថៃ។ បើមានការរំខាន ឬការទាស់ទែងណាមួយកើតឡើង ប្រាសាទនឹងត្រូវបិទរយៈពេលប្រាំពីរថ្ងៃ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។

ក្នុងនោះ មេបញ្ជាការយោធភូមិភាគទី២ ថៃ រូបនេះ ក៏ឆ្លៀតបកស្រាយ ទាក់ទិននឹងឧបទ្ទវហេតុដែលទាហានថៃ ជាន់មីន កាលពីថ្ងៃទី១៦ កក្កដា កន្លងទៅនោះ។ លោក Boonsin បានបញ្ជាក់ជាថ្មីថា ទោះបីជាកម្ពុជាបានបដិសេធមិនដាក់គ្រាប់មីនក៏ដោយ ក៏ក្រសួងការបរទេសគួរតែធ្វើការតវ៉ាជាផ្លូវការ ទៅ UN ជុំវិញការរំលោភលើអនុសញ្ញាអូតាវ៉ា។

គួរឲ្យដឹងថា នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារ ៥ចំណុច ដើម្បីឲ្យថៃឆាប់ភ្ញាក់ស្មារតីឡើងវិញ ឈប់ទម្លាក់កំហុសនិងលាបពណ៌កម្ពុជាទាំងងងើលទៀត។ ក្នុងនោះ សម្ដេចបានរំលឹកទៅភាគីថៃថា៖ 

១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។ 

២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។ 

៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។ 

៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌និងសុច្ចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។ 

៥.កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព។

សូមបញ្ជាក់ជូនផងដែរថា កន្លងទៅថៃធ្លាប់ប្រកាសក្លែងៗថា ដាច់ខាតខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តតិធម៌អន្តរជាតិ (ICJ) ជាដាច់ខាត។ 

ប្រសិនបើថៃ ច្រានចោលមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តតិធម៌អន្តរជាតិ (ICJ) បែបនេះ ហេតុអ្វីបែរជាថៃចង់ប្ដឹងកម្ពុជាទៅ UN ក្នុងករណីទាហានថៃជាន់មីនផ្ទុះទៅវិញ? តើថៃមិនដឹងទេឬ? ថាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជារបស់អង្គការសហប្រជាជាតិ UN ដែរ៕