
រុស្ស៊ីបានបញ្ចេញការវាយប្រហារតាមអាកាស ដ៏ធំបំផុតមួយរបស់ខ្លួនលើអ៊ុយក្រែន កាលពីថ្ងៃចន្ទ ម្សិលមិញ មុនពេលការរៀបចំកិច្ចប្រជុំមួយដែលមាន អង់គ្លេស និងអាល្លឺម៉ង់ ធ្វើជាប្រធាន ដើម្បីពិភាក្សាពីផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់សម្ព័ន្ធមិត្តណាតូក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន។ នេះយោងតាមការចេញផ្សាយដោយ Associate Press នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០២៥ នេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីទៅលើទីក្រុង Kyiv រដ្ឋធានីរបស់អ៊ុយក្រែន បានសម្លាប់មនុស្ស ២នាក់ និងរបួស ១៥នាក់ ក្នុងនោះមានក្មេងអាយុ ១២ឆ្នាំម្នាក់។
ការវាយប្រហារដ៏សាហាវនេះ បានបញ្ជាក់ពីភាពបន្ទាន់នៃតម្រូវការរបស់អ៊ុយក្រែនសម្រាប់ជំនួយយោធាពីលោកខាងលិចបន្ថែមទៀត ជាពិសេសលើផ្នែកការពារដែនអាកាស មួយសប្តាហ៍បន្ទាប់ពី លោក Trump បាននិយាយថា ការដឹកជញ្ជូននឹងមកដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។
យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានវាយប្រហារច្រកចូលស្ថានីយ៍រថភ្លើងក្រោមដីក្នុងសង្កាត់ Shevchenkivskyi នៃទីក្រុង Kyiv ដែលមានមនុស្សរាប់សិបនាក់នៅក្នុងនោះ។ ចំពោះការវាយប្រហារខ្លាំងបំផុតក្នុងទីក្រុង Kyiv សង្កាត់ Darnytskyi នៃទីក្រុង រងគ្រោះខ្លាំងជាងគេ មានដូចជា កន្លែងសាលាមត្តេយ្យ ផ្សារទំនើប និងឃ្លាំងមួយកន្លែងបានឆាបឆេះផងដែរ។
ក្រោយការវាយប្រហាររបស់រុស្ស៊ី នៅថ្ងៃចន្ទ ដដែល រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot ក៏បានមកដល់ទីក្រុង Kyiv ដើម្បីពិភាក្សាជាមួយលោក Zelenskyy និងបានទៅទស្សនាតំបន់រងការខូចខាតមួយចំនួនទៀតផង។
ក្នុងនោះ មេដឹកនាំអ៊ុយក្រែនបាននិយាយនៅលើបណ្តាញសង្គមថា លោក និង រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងការសម្រេចចិត្តរបស់ក្រុមហ៊ុនបារាំង ក្នុងការចាប់ផ្តើមផលិតយន្តហោះគ្មានមនុស្សបើកនៅក្នុងអ៊ុយក្រែន និងការជំរុញផ្លូវរបស់អ៊ុយក្រែន ឆ្ពោះទៅកាន់សមាជិកភាពសហភាពអឺរ៉ុបថែមទៀតផង៕
