2025-07-22 09:54
34

ប្រទេសចំនួន ២៨ រួមមានចក្រភពអង់គ្លេស បានឲ្យអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាមនៅហ្គាហ្សាជាបន្ទាន់ ដោយពួកគេបាននិយាយថា ប្រជាពលរដ្ឋនៅហ្គាហ្សាកំពុងទទួលការឈឺចាប់ដល់កម្រិតជាថ្មីម្ដងទៀត។

តាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២២ កក្កដា នេះបានឲ្យដឹងថា ប្រទេសចំនួន ២៨ ពួកគេបាននិយាយថា របៀបដែលអ៊ីស្រាអែលផ្តល់ជំនួយមិនបានល្អ ការផ្តល់ជំនួយតិចតួច រួមនឹងការសម្លាប់ប្រជាពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងស្វែងរកអាហារ និងទឹក គឺជាទង្វើអសីលធម៌បំផុត។

យោងតាមក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មានប្រជាពលរដ្ឋជាង ១០០ នាក់ត្រូវបានសម្លាប់ដោយអ៊ីស្រាអែល ខណៈពួកគេទៅយកអាហារ និង ១៩នាក់ទៀតស្លាប់បណ្ដាលមកពីការខ្វះខាតអាហារ។ ស្របគ្នានឹងការលើកឡើងរបស់ក្រសួងសុខាភិបាលខាងលើ អ៊ីស្រាអែលបានឆ្លើយបដិសេធ និងនិយាយថា សេចក្ដីថ្លែងការណ៍នេះមិនត្រឹមត្រូវនោះទេ។

តាមការចេញផ្សាយពី BBC ដដែល បង្ហាញថា មានការធ្វើសេចក្ដីថ្លែងការណ៍អន្តរជាតិជាច្រើន ដែលបានដាក់ពិន័យលើយុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សា ក្នុងរយៈពេល ២១ ខែនៃសង្គ្រាមជាមួយក្រុមហាម៉ាស់។ ដោយសេចក្ដីថ្លែងការណ៍លើកនេះមានភាពប្រាកដប្រជា និងម៉ឺងម៉ាត់ជាងមុន។

អ្នកចុះហត្ថលេខានៅក្នុងសេចក្ដីថ្លែងការណ៍នេះ គឺសុទ្ធតែជាមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀតចំនួន ២៧ រួមមាន អូស្រ្តាលី កាណាដា បារាំង អ៊ីតាលី ជប៉ុន នូវែលសេឡង់ និងស្វ៊ីសជាដើម។

សំឡេងក្នុងសេចក្ដីថ្លែងការណ៍បានបន្លឺឡើង ដោយចាប់ផ្តើមនិយាយថា "សង្គ្រាមនៅហ្គាហ្សា ត្រូវបញ្ឈប់ភ្លាមៗ។ យើងដាក់ទោសការផ្តល់ជំនួយតិចតួចរបស់អ៊ីស្រអែល និងការបាញ់សម្លាប់ប្រជាជនដែលកំពុងទៅរកទឹក និងអាហារ ដែលជាអ្វីចាំបាច់សម្រាប់រស់នៅ។ វាជារឿងដ៏គួរឲ្យរន្ធត់ណាស់ ដែលមានមនុស្សជាង ៨០០នាក់ ត្រូវស្លាប់ ខណៈពេលពួកគេទៅយកជំនួយ។"

រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោក David Lammy បានប្រាប់សភា House of Commons ថា មាន "អំពើអាក្រក់ជាច្រើន" កំពុងកើតឡើងនៅហ្គាហ្សា រួមមានការបាញ់សម្លាប់ ជាពិសេសការបណ្ដាលឲ្យកុមារស្លាប់ព្រោះតែភាពអត់ឃ្លាន៕