
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា ក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២៥ នេះថា៖ «ក្នុងកិច្ចប្រជុំចរចារវាងមេបញ្ជាការកងទ័ពជើងគោកម្ពុជា និងមេបញ្ជាការជើងគោកថៃ កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ គឺភាគីទាំងពីរបានឯកភាពអស់ហើយ គ្រាប់តែមេបញ្ជាការយោធភូមិភាគទី២ របស់ថៃធ្វើលិខិតបន្តិចទៅកាន់មេបញ្ជាការកងទ័ពជើងគោកថៃ ស្រាប់ស្នើមកមេបញ្ជាការជើងគោកកម្ពុជា ឱ្យដកកងទ័ពចេញចំងាយ ២០០ ម៉ែត្រ ពីតំបន់ដែលមានការប៉ះទង្គិចគ្នាលើទឹកដីរបស់កម្ពុជា។
សម្តេចតេជោសែន បានរំឭកថា រឿងបែបនេះ គឺជារឿងដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា បាននិយាយមកកាន់សម្តេច ចំពោះមុខប្រធានាធិបតីឥណ្ឌូណេស៊ី ពេលដែលឥណ្ឌូណេស៊ីធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០១១ ថា “សូមឱ្យភាគីទាំងពីរដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា”។ ប៉ុន្តែពេលនោះសម្តេចតេជោនិយាយឆ្លើយទៅកាន់ អាភិសិដ្ឋ វិញថា “ខ្ញុំមិនអាចដកកងទ័ពចេញទឹកដីខ្លួនឯងបានទេ ផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញពីប្រាសាទព្រះវិហារដោយគ្មានលក្ខខណ្ឌ”។
សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា៖ «វាមិនដែលនៅលើពិភពលោកនេះ មានប្រទេសណាឱ្យប្រទេសដទៃទាមទាឱ្យកងទ័ពចេញទឹកដីរបស់ខ្លួននោះទេ។ ករណីតំបន់មុំបីនេះ ត្រង់ចំណុចសាលារួមចិត្តជាទីតាំងរបស់កម្ពុជា ដែលសម្តេចធ្លាប់បានចុះទៅពិនិត្យផ្ទាល់ ហើយមិនមែនព្រំដែនត្រឹមហ្នឹងទេ […] ហេតុអ្វីមកដល់ពេលនេះ ទើបមកទាមទាឱ្យយើងដក សម្តេចមិនមែនជាការបំផុសកំហឹងទេ ប៉ុន្តែជារឿងអធិបតេយ្យភាពទឹកដីមិនអាចលេងសើចបានទេ។ ពេលនេះយើងនឹងច្បាស់ថាអ្នកណាស្នេហាជាតិ អ្នកស្រឡាញ់ជាតិពិតប្រាកដ ព្រោះគ្រប់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗកំពុងផ្សាយបន្តផ្ទាល់អំពីសមាជនេះ»។
សម្តេចតជោបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «មានក្រុមប្រឆាំងជ្រុលនិយមក្នុងស្រុកមួយក្តាប់តូច ពេលយើងមិនវ៉ៃបកគេថាយើងកំសាកមិនហានវ៉ៃ ប៉ុន្តែពេលយើងវ៉ៃបកគេថាយើងប្រើប្រាស់ហិង្សា។ ពេលយើងមិនប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ គេថាយើងមិនហាន ពេលយើងប្តឹងគេថាយើងបង្ករឿង»។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា បានថ្លែងបញ្ជាក់សារជាថ្មីថា៖ «កម្ពុជាមិនបោះបង់យន្តការនៃការចរចាណាមួយនោះទេ ប៉ុន្តែសម្រាប់ការចរចារលើកនេះកម្ពុជានឹងបបួលយកចំណុចរសើបទាំងបួនកន្លែងនេះ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី) ទៅកាន់តុលាការអន្តរជាតិ (ICJ) ហើយគណកម្មការព្រំដែនចម្រុះ (JBC) បន្តការងារចុះពិនិត្យ ស្វែងរកបង្គោល និងបោះបង្គោលព្រំដែនបន្តទៅទៀត»។
សម្តេចតេជោសែន បានបញ្ជាក់ថា៖ «ករណីជម្លោះនេះប្រសិនបើមិនឱ្យតុលាការអន្តរជាតិកាត់សេចក្តីទេ វាដូចជាជម្លោះនៅតំបន់ហ្គាសារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលដូចគ្នា គឺដោះស្រាយអត់ចប់ទេ ផ្ទុះសង្គ្រាមរហូត។ ដូច្នេះកុំខ្លាចអីទៅកាន់តុលាការអន្តរជាតិ ព្រោះកម្ពុជាមិនត្រូវការ ឬចង់បានទឹកដីរបស់ប្រទេសណាមួយទេ ហើយកម្ពុជាបានបាត់បង់ទឹដីអស់ច្រើនណាស់ហើយ និងមិនបានទាមទាទឹកដីដែលបាត់បង់មកវិញដែរ តែកម្ពុជារក្សាសិទ្ធការពារថែរក្សាទឹកដីរបស់ខ្លួនដែលមានតែប៉ុណ្ណោះ មិនអនុញ្ញាតិឱ្យមានប្រទេសណាមកដណ្តើមយកបន្តទៀតទេ»៕


