
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «បើតាមការសិក្សាបានបង្ហាញថាបច្ចុប្បន្នមាន ៤២ ភាគរយ នៃប្រជាជនកម្ពុជាសរុបបានប្រកបរបរកសិកម្ម។ ទោះបីជាធាតុផ្សំនៃវិស័យកសិកម្មមានការថយចុះនៅត្រឹមតែ ១៦ ភាគរយ នៃសេដ្ឋកិច្ចសរុប ប៉ុន្តែយើងអាចទ្រទ្រង់បាន ដរាបណាប្រជាពលរដ្ឋនៅហូបអាហារ វិស័យកសិកម្មនៅតែដើរតួយ៉ាងសំខាន់ក្នុងវិស័យស្នូល វិស័យទេសចរណ៍ និងវិស័យដទៃទៀត យើងមិនអាចបរិភោគបាន អញ្ចឹងការធានាសន្តិសុខស្បៀង គឺជាកិច្ចការអាទិភាពសំខាន់បំផុត របស់រាជរដ្ឋាភិបាល»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលមានប្រធានបទចំនួនបីដែលសំខាន់ ក្នុងការលើកកម្ពស់ជីវភាព សេដ្ឋកិច្ច និងសុខុមាលភាព ប្រជាពលរដ្ឋ រួមមាន ប្រធានបទស្តីពី៖ «ប្រព័ន្ធគាំពារសង្គម» ប្រធានបទស្តីពី៖ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» និង ប្រធានស្តីពី៖ «វិស័យកសិកម្ម»។
សម្តេចធិបតី ហ៊ុន ម៉ាណែរ បានថ្លែងបញ្ជាក់ថា៖ «បើទោះបីសភាពពិភពលោកត្រូវក្រឡាប់ចក្រការធ្វើពាណិជ្ជកម្ម ត្រូវបានបិទចោលទាំងស្រុងក៏ដោយ រដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាមានស្បៀង និងចំណីអាហារហូបចុកបានគ្រប់គ្រាន់ដែលជាគោលសំខាន់»។ សម្តេចធិបតីបានបន្ថែមទៀតថា៖ «ដើម្បីធានា និងរក្សាបាននៅតុល្យភាពសន្តិស្បៀងយើងត្រូវពិនិត្យរវាងលើការផលិត និងការលក់ចេញទៅក្រៅប្រទេសឱ្យបានត្រឹមត្រូវ ហ្មត់ចត់ ដើម្បីរក្សាតុល្យភាពសន្តិស្បៀងនៅក្នុងប្រទេស»។
ពាក់ព័ន្ធទៅនឹងកំណើនអតិផរណានៃការផលិតក្នុងឆ្នាំ២០២៤ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ «កម្ពុជាផលិតស្រូវបាន ចំនួន ១៤លានតោន សម្រាប់ហូរក្នុងស្រុក ចំនួន ៦លានតោន និងសល់ប្រមាណ៧ទៅ៨លានតោន ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស ក្នុងនោះយើងនាំចេញអង្ករជាង ៦០ម៉ឺនតោន បើគិតជាស្រូវប្រហែល ១២លានតោន និង ៦,៧លានតោន ត្រូវនាំចេញទៅប្រទសជិតខាងរបស់កម្ពុជា មានវៀតណាម និងថៃជាដើម»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «បើយើងនិយាយអំពីវិស័យកសិកម្ម គឺយើងត្រូវនិយាយអំពីប្រជាកសិករជាមុន ព្រោះតែកសិករជាតួអង្គដ៏សំខាន់បំផុត ក្នុងនោះកសិករដើរតួជាផលិតករក្នុងការរក្សាសន្តិសុខស្បៀង និងត្រូវគិតគូរអំពីផលប្រយោជន៍របស់ពួកគាត់ដែរ។ ដើម្បីពួកគាត់នៅបន្តជាកសិករទាល់តែពួកគាត់បង្កបង្កើនផល ឬដាំដុះលក់ទៅទីផ្សារបានចំណេញ បើគាត់ខាតរាល់ឆ្នាំនោះច្បាស់កសិករនឹងផ្លាស់ប្តូរមុខរបរនេះ»។
«បើយើងនិយាយអំពីកសិករត្រូវគិតគូរអំពីជីវភាពរបស់ពួកគាត់ការចំណូល ការចំណាយ គឺមានន័យថា យើងកាប់បន្ថយការចំណាយលើដើមទន់សម្រាប់ដាំដុះ និងបង្កើនចំណូលជូនពួកគាត់ ព្រោះយើងមិនអាចទប់ការការឡើងចុះនៃកម្លៃកសិផលលើទីផ្សារពិភពលោកបានទេ»។ នេះ គឺជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕


