
ភ្នំពេញ៖ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលជាប្រវត្តិសាស្ត្រលើកទី១ របស់ម្ពុជា លើរបៀបវីរៈ «វិស័យកសិកម្ម» នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកអង្គសមាជ ចំនួន ១៧៩ រូប និងបានលើកដៃគាំទ្រ ១០០ ភាគរយនៃសមាជិក សមាជិកាសមាជទាំងមូល។
លោកបណ្ឌិត ឡូយ សុផាត តំណាងក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុកប្រធានបទអំពីវិស័យកសិកម្ម ជាអ្នករាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាប្រធានបទ «លើវិស័យកសិកម្ម» បានបញ្ជាក់ថា៖ «គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួម ចំណែកប្រមាណ ១៦,៧% ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ឆ្នាំ ពី ១៩ ៨០៥ ពាន់លានរៀល (ប្រមាណ ៤,៩៥ ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់ ២៤ ២៨២ ពាន់លានរៀល (ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ ២០២០ និងដល់ ៣១ ២៩២ ពាន់លានរៀល (ប្រមាណ ៧,៨២ពាន់លានដុល្លារ) នៅឆ្នាំ២០២៤។ ការចូល រួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល ២០% និងផ្នែកព្រៃឈើ ៣,៣%»។
រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈតាមរយៈការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយទូទៅ និងផែនការយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម ជាពិសេសយុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញ និងអនុវត្តចាប់តាំងពីឆ្នាំ១៩៨៧មក ស្តីពី «ការផ្ទេរការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ» ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលគួរបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
រាជរដ្ឋាភិបាល នីតិកាលមុនៗ និងនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវស្របនឹងស្ថានភាព សេដ្ឋកិច្ច និងសង្គមគ្រប់កាលៈទេសៈ។ ដោយឡែក សម្រាប់កាលៈទេសៈបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោល នយោបាយអាទិភាព ទី៥ និងទី៦ ចំនួន ៣ចំណុច មាន៖ ១) ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ, ២) រក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន និងទី៣) ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការអភិវឌ្ឍ សហគមន៍កសិកម្មទំនើប។
ផ្អែកលើការពិនិត្យ និងការសិក្សាលើប្រធានបទអំពីវិស័យកសិកម្មយ៉ាងលម្អិត ជាទម្រង់ច្បាប់ គតិច្បាប់ គោលបំណង អត្ថប្រយោជន៍ និងខ្លឹមសារសំខាន់ៗ ដែលរួមមានគោលនយោបាយទូទៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាព វិធានការសេដ្ឋកិច្ច និងការអនុវត្តដើម្បីដោះ ស្រាយបញ្ហាប្រឈមផ្សេងៗ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យឃើញថា ប្រធានបទអំពី វិស័យកសិកម្មដែលរាជរដ្ឋាភិបាលស្នើដាក់ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា មានលក្ខណៈគ្រប់គ្រាន់ សម្រាប់គណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ដំណើរការសមាជបានប្រកបដោយលទ្ធផលជាវិជ្ជមាន និងអាចដាក់ចេញនូវសេចក្តីសម្រេចរបស់សមាជលើប្រធានបទអំពីវិស័យកសិកម្មនេះបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលមានកម្មវិធីគោលនយោបាយ ២ សំខាន់ ទាក់ទងវិស័យកសិកម្ម គឺ ១) យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ២) ការដាក់ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំសហគមន៍ កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុង ការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ»។
ប្រមុខរដ្ឋាភិបាល បានបន្ថែមថា គោលនយោបាយវិស័យកសិកម្ម បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមាន ទាំងអ្នករកទទួលទាន និងប្រជាកសិករ អ្នកបង្កបង្កើនផល តាមរយៈការអនុវត្តន៍គោលនយោបាយសាមញ្ញ ៤ ចំណុច គឺ «មានហូប មានប្រើ មានបាន និងមានរហូត»។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនៅតែជាវិស័យអាទិ ភាព និងបន្តដើរតួនាទីសំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ បើទោះបីសេដ្ឋកិច្ចកម្ពុ ជាកំពុងរីកចម្រើនលើគ្រប់វិស័យក៏ដោយ។ ជារួមវិស័យកសិកម្ម នឹងនៅតែជាវិស័យយុទ្ធសាស្រ្តគន្លឹះសំរាប់ធានាឱ្យបាននូវសន្តិសុខស្បៀងរបស់កម្ពុជា។អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានពិភាក្សាអំពីគោលនយោបាយ ផែនការសកម្មភាព ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តដោយមាន សមាជិកអង្គសមាជ ចំនួន ២៣ រូប បានឡើងមានមតិ បញ្ចេញយោបល់។ អង្គសមាជ បានគាំទ្រទាំងស្រុងនូវ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការទាំងឡាយដែលបានអនុវត្តកន្លងមកថាស្របនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញហើយដែលបម្រើដល់ផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំង មូល រួមទាំងប្រជាកសិករ និងអ្នកផលិតកែច្នៃ ដោយគិតគូរដល់និរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។ ជាមួយគ្នានេះ អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលឱ្យបន្តអនុវត្ត គោលនយោបាយទូទៅ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងយុទ្ធសាស្ត្រដែលបានដាក់ចេញចាប់តាំងពីឆ្នាំ១៩៨៧ ស្តីពី ការផ្ទេរ ការអនុវត្តផ្ទាល់បែបបើកទូលាយមកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ តាមរយៈការដោះស្រាយទឹក ការបង្កើនការដាំដុះ និងការធ្វើប្រពលវប្បកម្មលើផ្ទៃដីដែលមាន ដើម្បីឱ្យវិស័យកសិកម្មមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងវិបត្តិខាងក្រៅបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព ជួយលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ។ សមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកទឹក ចិត្តឱ្យព្រឹទ្ធសភា និងរដ្ឋសភា បន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុម័តច្បាប់ទាំងឡាយ ដែលជួយដោះ ស្រាយនូវបញ្ហាប្រឈម និងតម្រូវការរបស់រាជរដ្ឋាភិបាល និងសូមថ្លែងអំណររគុណចំពោះស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដែលបានគាំ ទ្រចំពោះកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងសូមអំពាវនាវ បន្តចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍ ឱ្យបានគង់វង្សនិងមានចីរភាពជានិរន្តន៍។
បន្ទាប់ពីការពិភាក្សាលើប្រធានបទអំពីវិស័យកសិកម្ម និងការបកស្រាយរបស់រាជរដ្ឋាភិបាលទៅលើមតិ ពិភាក្សាដែលអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកឡើង អង្គប្រជុំសមាជបានអនុម័តសេចក្តីព្រាងសេចក្តី សម្រេចស្តីពី វិស័យកសិកម្ម ដោយទទួលបានការគាំទ្រ ចំនួន ១៧៩ សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។
សេចក្តីសម្រេចស្តីពី «វិស័យកសិកម្ម» ដែលអង្គសមាជបានអនុម័នាពេលនេះ ជាឯកសារគតិយុត្តមានតម្លៃខ្ពស់បំផុត ដែលនឹងក្លាយជាត្រីវិស័យចូលរួមគាំទ្រ លើកទឹកចិត្តដល់រាជរដ្ឋាភិបាលអនុវត្តកម្មវិធីនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើឧត្តមផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។ សូមជម្រាបថា នៅក្នុងរយៈពេលពីរថ្ងៃនេះ អង្គសមាជបានប្រជុំពិភាក្សាអនុម័តប្រធានបទចំនួនបីដែល សំខាន់ក្នុងការលើកកម្ពស់ជីវភាព សេដ្ឋកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋ មានប្រធានបទស្តីពី៖ «ប្រព័ន្ធគាំពារសង្គម» ប្រធានបទស្តីពី៖ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» និង ប្រធានស្តីពី៖ «វិស័យកសិកម្ម» នេះ៕

