2025-06-03 18:03
37

ដើម្បីបង្កបរិយាកាសរីករាយនៅក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភានៅព្រឹកថ្ងៃ០៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាជបានប្រកាសក្នុងន័យកំប្លែងលេងសើចថា នៅថ្ងៃណាមួយដែលជាឱកាសល្អសម្តេចនឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង សម្តេច ទៀ បាញ់ ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ប៊ិន ឈិន និងឯកឧត្តម កែ គឹមយ៉ាន ទៅហាងកាហ្វេដើម្បីជួបពិភាក្សាគ្នារឿងផ្សេងៗ។

សម្តេចតេជោប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា៖ «យើងឧស្សាហ៍បបួលគ្នាទៅរកតៀមកាហ្វេ អត់អីទេអាហ្នឹង អាហ្នឹងមិនដូចកាញារីទ្ធទេ។ កាញារីទ្ធទៅវាជារឿងផ្សេង អាយើងទៅចាស់ៗគឺរកកាហ្វេអីទេ។ ព្រោះឥឡូវគេជំនុំគ្នា គេហៅគ្នា គេណាត់គ្នាទៅហាងកាហ្វេនេះហាងកាហ្វេនោះ គេនិយាយការងារនៅតាមហាងកាហ្វេវិញ»។

ការលើកឡើងថារបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានឃើញថា សព្វថ្ងៃនេះមិនថានៅទីក្រុង ឬខេត្តជនបទ ដាច់ស្រយាលទេ គឺមានហាង ឬតូបកាហ្វេរីកផុសឡើងគ្រប់ទីកន្លែងដែលជាកន្លែងណាត់ជួបរបស់យុវវ័យសម័យថ្មីជួបពិភាក្សាការងារផ្សេងជាមួយគ្នាដោយរីករាយ ។

ចំពោះហាងកាហ្វេនេះ សម្តេចតេជោក៏បានថ្លែងថា មិនអាចហាមឃាត់មិនឲ្យមានការវិនិយោគបាននោះទេ៕