
ក្នុងការពិភាក្សាលើប្រធានស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានគំាទ្រនិងថ្លែងការកោតសរសើរចំពោះយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ ឆ្នាំ២០២៨ ដែលដាក់ចេញដោយរាជរដ្ឋាភ្បាល ថាជាយុទ្ធសាស្រ្តដ៏ត្រឹមមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនៃអាណត្តិទី៧នេះ។
អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកឡើងថាយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣ ឆ្នាំ២០២៨ ពិតជាស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលផ្តោតលើកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព។ អាទិភាពគន្គឹះទំាង៥ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ក៏បានគំាទ្រដល់យុទ្ធសាស្រ្តនេះ ក្នុងការឆ្លើយតបទៅនឹងនិន្នាការបដិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះ ក៏បានបង្ហាញពីកិច្ចការសំខាន់ៗដូចជា ការរៀបចំមូលដ្ឋាននិន្នន័យសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការផ្សព្វផ្សាយនិងការយល់ដឹងជាសាធារណៈ និងភាពជាអ្នកដឹកនាំ របស់ក្រសួងស្ថាប័ន។ ការសម្របសម្រួលអន្តរក្រសួង និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍និងសមាគមជាតិនិងអន្តរជាតិ គឺជាកិច្ចសហការដ៏សំខាន់ក្នុងការធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភាថា ក្នុងគោលបំណងកែលម្អជីវភាពប្រជាពលរដ្ឋនិងអាចរួមចំណែកជាអតិបបរមាក្នុងការឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំនិងភាពធន់នឹងវិបត្តិ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ ២០២៨ ដែលជាកម្មវិធីទី៤ នៃកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងការគោលដៅទឹកចិត្តអ្នកប្រកបរបរនិងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់ មានលទ្ធភាពឈានចូលក្នុងប្រព័ន្ធនិងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគំាពារសង្គមផ្លូវការ។
យោងតាមការអង្កេតកម្លំាងពលកម្មកម្ពុជាឆ្នាំ២០១៩ កម្ពុជាមានកម្លំាងពលកម្មប្រមាណ៧,៩លាននាក់ដោយនៅក្នុងនោះ ២១,៥% ឬស្មើ១,៧លាននាក់ ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ខណៈដែលកម្លំាងពលកម្មដ៏ច្រើនគឺ៦,២ លាននាក់ ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនខ្វះលទ្ធភាពទទួលបានសេវាសំខាន់ៗ ដែលធ្វើឱ្យពួកគាត់ងាយរងគ្រោះដោយសារវិបត្តិ។
សមាជរដ្ឋសភានិងព្រឹទ្ធសភា បានអបអរសាទរនិងកោតសរសើររាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ជំរុញ អភិវឌ្ឍន៍ គំាទ្រ និងជួយសម្របសម្រួលដល់ពលរដ្ឋដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទំាងបង្កើតឱកាសដល់ប្រជាពលរដ្ឋអាចអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកមុខរបរជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពរបស់ពលរដ្ឋកាន់តែប្រសើរ។ ជាក់ស្តែងរាជរដ្ឋាភិបាលបានរៀបចំនិងអនុវត្តការងារសំខាន់ៗដូចជា អនុក្រិត្យស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការបង្កើតថ្នាល់ឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិធានការគំាទ្រ និងកញ្ចប់អត្ថប្រយោជន៍ផ្នែកពន្ធដារ ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកគំាពារសង្គម ផ្នែកហិរញ្ញវត្ថុធនាគារ ព្រមទំាងយន្តការត្រួតពិនិត្យតាមដាននិងវាយតម្លៃថែមទៀត។
បន្ទាប់ពីបានពិភាក្សាយ៉ាងផលផុសដោយមានសមាជិកសមាជិកាអង្គសមាជចំនួន២៣នាក់ បានឡើងមានមតិយោបល់បន្ទាប់ពីការបកស្រាយនិងអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលនិងឥស្សរជនជំនាញរួចមក អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានអនុម័តគំាទ្រទំាងស្រុងលើសេចក្តីសម្រេចស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគឺជាគន្លង សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងការកែលម្អជីវភាពប្រជាជន៕


