2025-06-04 09:56
28

ភ្នំពេញ៖ ថ្លែងក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «សមទ្ធិផល និងលទ្ធផលដែលរាជរដ្ឋាភិបាលឈាមថ្មី សម្រេចបានក្នុងរយៈពេល២០ខែកន្លងមកនេះ មានកត្តាសំខាន់ ២ ដែលត្រូវលើកយកមកបញ្ជាក់ជូនសម្តេច ឯកឧត្តម លោកជំនាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃអង្គសមាជរដ្ឋសភាព និងព្រឹទ្ធសភាបានជ្រាប»។

កត្តាទី១ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «ការបន្សល់ទុកនៅកេរ្តិ៍មរតកពីការខិតខំប្រឹងប្រែងត្រួសត្រាយផ្លូវពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់មុនដែលមានវត្តមាននៅទីនេះស្រាប់ ដោយចាប់ផ្តើមកសាងប្រទេសជាតិតាំងពីបាតដៃទទេ ក្រោយការរំដោះប្រទេសចេញរបបខ្មែរ រហូតធ្វើឱ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំ អង្គភាព ស្ថាប័នរឹងមាំ ប្រព័ន្ធការងារល្អប្រសើ ម៉ាក្រូសេដ្ឋកិច្ចមានលំនឹងមានថវិកាសម្រាប់ទុកឱ្យរដ្ឋាភិបាលថ្មីប្រើប្រាស់បន្ត»។

កត្តាទី២៖ «គឺការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់មន្ត្រីរាជការតាមក្រសួង ស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់បានបន្តការងារដែលរដ្ឋាភិបាលអាណត្តិមុនបន្សល់ទុកឱ្យ ដើម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋយើង ទោះបីជាមានបញ្ហាប្រឈមថ្មីយ៉ាងណាក៏ដោយ»។ 

ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា៖ «រាជរដ្ឋាភិបាលអាណត្តិថ្មី សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ និងសមាជិករដ្ឋសភា ព្រឹទ្ធសាភា សមាជិការរាជរដ្ឋាភិបាលគ្រប់រូប និងអតីតថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីដល់ថ្នាក់ដឹកនាំជំនាន់ថ្មីនាអាណត្តិនេះឱ្យបន្តដឹកនាំប្រទេសជាតិ ជាពិសេស អរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបន្តគាំទ្រ និងផ្តល់ទំនុករបស់បងប្អូន»។

សូមជម្រាបថា នៅក្នុងរយៈពេលពីរថ្ងៃនេះអង្គសមាជបានប្រជុំពិភាក្សាអនុម័តប្រធានបទចំនួនបីដែលសំខាន់ក្នុងការលើកកម្ពស់ជីវភាព សេដ្ឋកិច្ច និងសុខុមាលភាព ប្រជាពលរដ្ឋ រួមមាន ប្រធានបទស្តីពី៖ «ប្រព័ន្ធគាំពារសង្គម» ប្រធានបទស្តីពី៖ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» និង ប្រធានស្តីពី៖ «វិស័យកសិកម្ម»៕