2025-06-02 14:58
33

ភ្នំពេញ៖ ករណីដោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទទាមាន់ធំ ប្រាសាទតាមាន់តូវ និងប្រាសាទតាក្របី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា លើកទឹកចិត្តដោះស្រាយតាមយន្តការដែលមានស្រាប់ គឺបន្តការចរចាដោយសន្តិវិធី មិនមានន័យថា យើងដាក់ទីតុលាការអន្តរជាតិ (ICJ) ទីក្រុងឡាអេ យើងបោះបង់ចោលយន្តការនៃការចរចាធ្វេភាគីនោះទេ។

សម្តេចតជោបានថ្លែងទៀតថា៖ «គណៈកម្មការព្រំដែនចម្រុះ (JBC) នៃប្រទេសទាំងនៅបន្តការចរចាគ្នា ព្រមទាំងយន្តការដទៃទៀតនៅតែបន្ត ដូចជាយន្តការការចរចារវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារត្រូវបន្តជួបចរចាគ្នាដដែលយើងមិនអាចបោះបង់ចោលទេ ក៏ប៉ុន្តែយើងគ្រានតែលើកក្នុងរបៀបវីរៈ ដើម្បីបបួលភាគីថៃយកបញ្ហាទាំងអស់នេះ ទៅតុលាការអន្តរជាតិទីក្រុងឡាអេ»។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា បានថ្លែងបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំសមាជ រដ្ឋសភា ព្រឹទ្ធសភា នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នេះ ដែលមានសមាជិកសមាជិករដ្ឋសភា និងព្រឹទ្ធអញ្ជើញចូលរួម សរុបចំនួន ១៨២ អង្គរូប។

សម្តេចប្រធានសមាជបានថ្លែងបញ្ជាក់ថា៖ «សម្រាប់ការដាក់របៀបវីរៈបបួលភាគីថៃនាំយកបញ្ហាព្រំដែនទៅដោះស្រាយគ្នានៅតុលាការអន្តរជាតិ (ICJ) គឺជាការគួរសមរបស់ម្ពុជា ហើយមិនមែនមានតែបញ្ហារបស់កម្ពុជាទេ គឺមានប្រទេសជាច្រើនបានដោះស្រាយព្រំដែន តាមយន្តការតុលាការអន្តរជាតិនេះ ដូចជាករណីនៅប្រទេសសាំងហ្គាពួ ជាមួយប្រទេសម៉ាឡេស៊ី ក៏បបួលគ្នាទៅតុលាការទីក្រុងឡាអេដែរ»។

សម្តេចតេជោមានប្រសាសន៍ថា បន្ទាប់ពីយប់មិញមានការបង្ហោះសាររបស់នាយករដ្ឋមន្ត្រី និងសាររបស់សម្តេច បានគាំទ្រចំណាត់ការយកបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិ (ICJ) មានអ្នកចូលមក Comment ចូលសួរជាច្រើនថា ប្រសិនបើភាគីថៃមិនព្រមទៅតាមការបបួលរបស់យើងតើត្រូវធ្វើយ៉ាងម៉េច? សម្តេចតេជោបញ្ជាក់ថា «បើសិនជាភាគីថៃមិនព្រមយកបញ្ហានេះ គឺយើងត្រូវតែប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេតែម្តង»។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋរបសថៃថា៖ «បើយើងមិនពឹងផ្នែកភាគីទី៣ គឺតុលាការអន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរនេះទេ ជម្លោះបែបនេះ នឹងបន្តកើតមានបន្តរាប់រយឆ្នាំទៅមុខទៀត មិនអាចដោះស្រាយចប់ទេ ព្រោះរដ្ឋាភិបាលនៃប្រទេសនីមួយមិនអាចដកថយចេញតំបន់ដែលខ្លួនប្រកាន់ឥរិយាបទបានទេ។ បើសិនជាភាគីណាមួយហានដកខ្លួនថយត្រង់ចំណុចមានជម្លោះប្រជាជនទូទាំងប្រទេសរៀងៗខ្លួន នឹងស្តីបន្ទោសទាំងសងខាង»។

សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «អញ្ចឹងយល់ល្អបំផុត ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរអស់ចិត្ត ហើយរដ្ឋាភិបាលក៏សុខស្រួល ត្រូវយកបញ្ហានេះទៅឱ្យតុលាការអន្តរជាតិកាត់ក្តីរកខុសត្រូវតែម្តង។ ហើយកម្ពុជាសុខចិត្តគោរពតាមការសម្រេចចិត្តរបស់តុលាការ ICJ ព្រោះបញ្ហាព្រំដែននេះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គធ្លាប់បានធ្វើកាលពីឆ្នាំ១៩៦២ លើជម្លោះនៅប្រាសាទព្រះវិហារ ហើយយើងបានប្តឹងដើម្បីឱ្យតុលាការអន្តរជាតិទីក្រុងឡាអេ បកស្រាយសាលក្រមនេះនៅឆ្នាំ២០១១ផងដែរ។ យើងទទួលយកការសម្រេច និងការបកស្រាយរបស់តុលាការដោយស្ម័គ្រចិត្ត»។

សម្តេចតេជោបានបន្ថែមទៀតថា៖ ប្រសិនបើមានការគេចវេសណាមួយ ឬក្រុមណាមួយនោះប្រាកដណាស់ពិតជាមានអាថ៌កំបាំងនៅពីក្រោយខ្នងហេតុមិនចង់ដោះស្រាយបញ្ហាតាមផ្លូវចរចា តាមផ្លូវតុលាការអន្តរជាតិ ព្រោះការចរចាបានប្រើប្រាស់ពេលប្រមាណ ២៥ឆ្នាំកន្លងមកហើយ ដោះស្រាយអត់បានទេ សូម្បីកិច្ចប្រជុំគណកម្មការព្រំដែនចម្រុះ (JBC) ក៏ប្រជុំអត់បានផង។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «មានមូលហេតុអ្វីឱ្យប្រាកដនៅក្រោយរឿងជម្លោះព្រំដែននេះ? រហូតហានច្រានទ្រូងប្រជាជនកម្ពុជា និងចូលមកបាញ់ប្រហារដល់ក្នុងទឹកដីរបស់កម្ពុជាយើងថែមទៀត។ សម្តេចឈឺចាប់បំផុត ត្រង់ចំណុចទីតាំងដែលកងទ័ពថៃ ឆ្មក់បាញ់សម្លាប់យុទ្ធយើងម្នាក់ស្លាប់ សម្តេចបានដឹងច្បាស់ណាស់ គឺកម្ពុជាគ្រប់គ្រងតាំងពីឆ្នាំ១៩៨៨ មកម្លេះ ចុះហេតុអីមកដល់ពេលនេះ ទើបមកទាមទាឱ្យកម្ពុជាដកកងទ័ពចេញពីទីនេះ»៕