
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គសមាជទាំងមូលបានសម្ដែងការគាំទ្រ មានសមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង ១៨២ សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់គោលជំហរ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងប្តឹងទៅកាន់កាន់តុលាការអន្តរជាតិ (ICJ) ដើម្បីបញ្ចប់ភាពស្រពិចស្រពិលព្រំដែនរវាងប្រទេសទាំងពីរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «កម្ពុជានឹងយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើទោះបីភាគីថៃមិនយល់ស្របក៏ដោយ»។
សម្ដេចតេជោ ហ៊ុន សែន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា បានស្នើអង្គសាមាជធ្វើសេចក្ដីថ្លែងការណ៍ គាំទ្ររាជរដ្ឋាភិបាលចំពោះការប្ដឹងបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ, តាមាន់តូច, តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាត់ក្ដីតែម្ដង។ សម្ដេចតេជោបានបញ្ជាក់ថា៖ «រឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជា និងថៃ បើយើងមិនប្ដឹងទៅតុលាការអន្តរជាតិ (ICJ) ទេ វានឹងដូចជាជម្លោះនៅតំបន់កាហ្សា និងប៉ាលីស្ទីន កើតឡើងមិនចេះចប់អូសបន្លាយបង្កជម្លោះប្រដាប់អាវុធគ្មានទីបញ្ចប់»។
សម្ដេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ដល់រាជរដ្ឋាភិបាលថា៖ «ក្នុងករណីមានជម្លោះប្រដាប់អាវុធកើតមានឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ សូមកុំភ្លេចក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ ប្រសិនបើមានការបំពានយើងវ៉ៃទប់នៅនឹងកន្លែង ប៉ុន្ដែការទូតត្រូវតែទម្លាយទ្វារអង្គការសន្ដិសុខអង្គការសហប្រជាជាតិ។ ក្នុងនោះសម្ដេចតេជោសង្ឃឹមថា អង្គការសន្ដិសុខអង្គការសហប្រជាជាតិ នឹងជំរុញឱ្យមានការចរចាតាមផ្លូវច្បាប់លើបញ្ហាព្រំដែនកម្ពុជា-ថៃនេះ»។
អគ្គលេខាធិកាអង្គសមាជ បានបញ្ជាក់ថា៖ «អង្គសមាជទាំងមូលបានសម្ដែងការគាំទ្រ មានសមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង ១៨២ សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ»៕