
យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី០២ មិថុនា ចិនបាននិយាយនាថ្ងៃចន្ទនេះថា ការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ថាទីក្រុងប៉េកាំងបានរំលោភលើការឯកភាពគ្នា ដែលបានឈានដល់ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវគឺ "គ្មានមូលដ្ឋាន" ហើយបានសន្យាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ការលើកឡើងរបស់ក្រសួងពាណិជ្ជកម្មចិនគឺដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក Trump កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ ដែលថាប្រទេសចិនបានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគីដើម្បីដកពន្ធឡើងវិញ។ដោយក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីខែមុននៅទីក្រុងហ្សឺណែវ ខណៈពេលដែលសហរដ្ឋអាមេរិកក៏បានដាក់ចេញនូវវិធានការ "រឹតបន្តឹងការរើសអើង" ជាច្រើនប្រឆាំងនឹងប្រទេសចិន។ លើសពីនេះក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កជាឯកតោភាគី និងម្តងហើយម្តងទៀតធ្វើឱ្យមានជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី ដែលធ្វើអោយមានភាពមិនច្បាស់លាស់ និងអស្ថិរភាពនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី" ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាកាលពីពាក់កណ្តាលខែឧសភានៅទីក្រុងហ្សឺណែវដើម្បីផ្អាកការយកពន្ធបីខ្ទង់សម្រាប់រយៈពេល 90 ថ្ងៃ។ លើសពីនេះ ប្រទេសចិនក៏បានសន្យាថានឹងលើកវិធានការតបតពាណិជ្ជកម្មដែលដាក់កម្រិតលើការនាំចេញលោហៈធាតុសំខាន់ៗ ដែលត្រូវការសម្រាប់ផលិតឧបករណ៍អេឡិចត្រូនិក អេឡិចត្រូនិក និងការពារជាតិរបស់អាមេរិកថែមទៀតផង៕

