2025-06-03 11:52
38

ថៃ៖ ដូចដែលបានដឹងហើយថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ប្រទេសថៃបានជួបប្រទះនឹងហេតុការណ៍គ្រោះទឹកជំនន់យ៉ាងខ្លាំង ដែលស្ទើរតែឈានទៅដល់ការប្រកាសអាសន្ន ដែលបានបណ្ដាលឲ្យមានការបិទសាលារៀន និងប៉ះពាល់ទៅដល់ការធ្វើចរាចរណ៍ទៅដល់ពលរដ្ឋដែលបានធ្វើដំណើរក្នុងទីក្រុងបាងកក រួមទាំងតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរ។

បន្ថែមពីនេះ រំលងមិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ពោលកាលពីថ្ងៃទី០២ ខែមិថុនា ម្សិលមិញនេះ ហេតុការណ៍ថ្មីស្រឡាងមួយទៀតក៏បានកើតឡើងក្នុងការបើកទំព័រនៃដើមខែថ្មីក្នុងប្រទេសថៃ ដោយមានហេតុការណ៍នៃការបំផ្ទុះគ្រាប់បែកមួយបានកើតឡើង បន្ទាប់ពីមានជនដៃដល់ម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ បានទម្លាក់គ្រាប់បែកដើម្បីស្ទាក់ចាប់រថយន្តអនុរក្ស នៅលើដងវិថីផ្លូវជាតិលេខ ៤១៥៧ ស្ថិតក្នុងភូមិ បាណាប្រារ ឃុំ ប៉ាណារ ស្រុក ប៉ាណារ នៃខេត្តប៉ាតានី។ ក្នុងហេតុការណ៍ខាងលើ បានបណ្តាលឱ្យរថយន្តរបស់មន្ត្រីយោធានៃកងពលតូចលេខ៤២១៤ រងនូវការខូចខាតខ្ទាតចេញពីផ្លូវដែលកំពុងធ្វើដំណើរយ៉ាងដំណំ និងបានបណ្ដាលឲ្យមន្រ្តីម្នាក់បានស្លាប់ និង ៣ នាក់ទៀតរងរបួសធ្ងន់ស្រាល។

លើសពីនេះ ក្នុងថ្ងៃខែឆ្នាំដដែល ហេតុការណ៍ខាងលើនៅមិនទាន់បានស្ងប់ស្ងាត់ស្រួលបួលផង ប្រទេសថៃក៏បានរងនូវគ្រោះមហន្តរាយរញ្ជួយដីម្ដងទៀតដែលមានកម្រិត៤.៥ រ៉ិចទ័រ បន្ទាប់ពីប្រទេសនេះទើបតែជួបគ្រោះនូវរញ្ជួយដីកាលពីប៉ុន្មានខែមុនដែលមានកម្រិត៧.៧ រ៉ិចទ័រ។ 

ក្នុងហេតុការណ៍រញ្ជួយដីនាវេលារសៀលម៉ោង ២:០៧ នាទីម្សិលមិញនេះទៀតសោត ខេត្តដែលរងការវាយប្រហារគឺស្ថិតនៅក្នុងខេត្តឈៀងម៉ៃ ដែលបានបណ្ដាលឲ្យខ្លះដែលរស់នៅតំបន់ខាងលើ មានការភ័យស្លន់ស្លោនិងបាននាំគ្នារត់រកកន្លែងសុវត្ថិភាព។

យ៉ាងណាមិញ នាព្រឹកថ្ងៃទី០៣ ខែឧសភា នេះ ប្រទេសថៃក៏បានកើតមាននូវហេតុការណ៍ដែលឥតគ្រោងទុកមួយទៀត បន្ទាប់ពីមានកិច្ចប្រជុំនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជនអន្តោប្រវេសន៍នៅជាន់ទី៣ ស្រាប់តែកើតមាននូវការបាក់ពិដាននៃខាងនេះ ដែលជាហេតុបណ្ដាលឲ្យអគ្គស្នងការនគរបាលភូមិន្ទថៃ បានបញ្ជាឲ្យមានការស៊ើបអង្កេតភ្លាមៗជុំវិញនៃការបាក់ស្រុតពិដាននៃអគារខាងលើនេះ៕