2025-06-03 13:25
116

ថៃ៖ សូមប្រជាពលរដ្ឋនៅភូមិភាគខាងជើង និងឦសានខាងលើ មានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង ដែលអាចនាំឱ្យមានជំនន់ទឹកភ្លៀង។

នាយកដ្ឋានឧតុនិយមថៃ បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្យល់មូសុងនិរតីកម្រិតមធ្យមកំពុងបន្តជះឥទ្ធិពលលើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ខណៈដែលប្រព័ន្ធសម្ពាធទាបដែលគ្របដណ្តប់លើប្រទេសវៀតណាម ផ្នែកខាងលើកំពុងនាំមកនូវព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំង។ 

នាយកដ្ឋានដដែលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋថៃនៅភូមិភាគខាងជើង និងឦសានខាងលើ ត្រូវមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង ដែលអាចនាំឱ្យមានជំនន់ទឹកភ្លៀង។

ទន្ទឹមនឹងនេះ ខ្យល់នៅសមុទ្រអាដាន់ភាគខាងលើ មានកម្រិតពីបង្គួរ ដោយរលកសមុទ្រអាចនឹងមានកម្ពស់រហូតដល់២ម៉ែត្រ និងលើសពី២ម៉ែត្រ នៅតាមតំបន់ដែលមានផ្គររន្ទះ។ 

ហេតុនេះហើយ នាយកដ្ឋានឧតុនិយមថៃក៏បានព្រមានបន្ថែមទៀតថា នាវាទាំងអស់ដែលកំពុងប្រតិបត្តិការនៅសមុទ្រ Andaman និងឈូងសមុទ្រថៃ ត្រូវបានណែនាំឱ្យបន្តការប្រុងប្រយ័ត្ន និងជៀសវាងព្យុះផ្គររន្ទះ៕