2025-06-03 13:59
39

ថៃ៖ រដ្ឋាភិបាលថៃបានស្នើជាពិសេសដល់យោធាកុំឱ្យបិទច្រកព្រំដែនជាមួយកម្ពុជា និងបានផ្ញើសារទៅកាន់សមភាគីរបស់ខ្លួនតាមព្រំដែនថា ខ្លួននៅធ្វើអាជីវកម្មដូចធម្មតាជាមួយកម្ពុជា ដើម្បីឆ្លើយតបនឹងការដែលកម្ពុជាប្តេជ្ញាថានឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងពេលឆាប់ៗនេះ ជុំវិញជម្លោះនៅតំបន់មុំបី។

តាមការចេញផ្សាយពី  Bangkok Post នាថ្ងៃទី០៣ មិថុនា នេះ រដ្ឋាភិបាលថៃបានធ្វើការលើកឡើងពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានប្រសិនជាមានការបិទព្រំដែនជាមួយកម្ពុជា ព្រោះថាពេលនេះសេដ្ឋកិច្ចរបស់ប្រទេសថៃក៏កំពុងរងការប៉ះពាល់រួចហើយ។
 
បន្ថែមពីនេះ រដ្ឋាភិបាលថៃក៏បានស្នើឱ្យកងទ័ពរបស់ខ្លួនរង់ចាំរហូតដល់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) បានបញ្ចប់ការពិភាក្សាអំពីវិធីដោះស្រាយវិវាទព្រំដែនថ្មី ដែលបង្កឡើងដោយការប៉ះទង្គិចចុងក្រោយរវាងកងទ័ពថៃ និងកម្ពុជា នៅជិតតំបន់ព្រំដែនតំបន់មុំបី កាលពីថ្ងៃពុធសប្តាហ៍មុន៕