2025-06-02 12:59
29

ភ្នំពេញ៖ គណបក្សកម្លាំងជាតិ នៅថ្ងៃចន្ទ ទី០២ ខែឧសភានេះ បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះមានតែយន្តការ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែមួយគត់ដែលអាចដោះស្រាយបញ្ហាព្រំដែន ដែលបាននិងកំពុងកើតមាន និងធ្វើឱ្យកម្ពុជាទទួលបានយុត្តិធម៌ ព្រមទាំងអាចបញ្ចប់នូវគំនិតក្នុងការឈ្លានពានបូរណភាពទឹកដីតាមបន្ទាត់ ព្រំដែនពីប្រទេសជិតខាង។ 

គណបក្សកម្លាំងជាតិ យល់ឃើញថាព្រឹត្តិកាណ៍ផ្ទុះអាវុធដែលបានបង្ករឡើងដោយភាគីកងទ័ពថៃក្នុងដែន អធិបតេយ្យភាពប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺ «ជាការបង្ហាញឱ្យឃើញកាន់តែ ច្បាស់ថា ប្រទេសជិតខាងមួយចំនួននៅតែចិញ្ចឹមចិត្តក្នុងការឈ្លានពាន លេបយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតាំងពីអតីតកាល ហើយក៏ជាការរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការនយោបាយមិនត្រូវ ភ្លេចខ្លួន និងត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រលាញ់របស់យើង»។ 

គណបក្ស កម្លាំងជាតិ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស គ្រប់និន្នាការនយោបាយ ចូលរួមសាមគ្គីគ្នា ដើម្បីមានឯកភាពផ្ទៃក្នុងជាតិតែមួយ ក្នុងការប្រឆាំងនឹងបរទេសដែលមានបំណងឈ្លានពាន អធិបតេយ្យភាពបូរណភាពទឹកដីប្រទេសកម្ពុជា (ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ) និងសូមលើកទឹកចិត្ត ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារបូរណភាពទឹកដីតាមគ្រប់មធ្យោបាយក្នុងករណីមានការ ឈ្លានពានពីបរទេស៕