2025-06-02 10:45
27

ថៃ៖ កងទ័ពថៃបានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ព្រំដែនដែលអាចកើតមានជាមួយកម្ពុជា ខណៈរដ្ឋមន្ត្រីក្រសួងការបរទេសបានសង្កត់ធ្ងន់ថា ដំណោះស្រាយដោយសន្តិវិធីជាមួយកម្ពុជាគឺអាចទៅរួច។

យោងតាមការចេញផ្សាយដោយ Bangkok Post នាថ្ងៃទី០១ មិថុនា ម្សិលមិញនេះ អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree បាននិយាយកាលពីថ្ងៃអាទិត្យថា “ចលនាណាមួយរបស់យោធាថៃ គឺសំដៅការពារផលប្រយោជន៍ជាតិ ស្របតាមគោលការណ៍អន្តរជាតិ ហើយពួកគេត្រូវបានរៀបចំសម្រាប់ស្ថានភាពណាមួយដែលអាចកើតឡើង” ទាក់ទងនឹងជម្លោះទឹកដីក្នុងខេត្ត Ubon Ratchathani ជាមួយកម្ពុជា។ ឧត្តមសេនីយ វីន ថៃ បានបន្តទៀតថា ការទាមទារទឹកដីឯកតោភាគីណាមួយដោយកម្ពុជា មិនមានសុពលភាពជាអន្តរជាតិនោះទេ ព្រោះប្រទេសទាំងពីរបានព្រមព្រៀងគ្នារួចហើយក្នុងការដោះស្រាយបញ្ហាទឹកដី តាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC) របស់ពួកគេ។

ផ្អែកតាមរដ្ឋមន្ត្រីក្រសួងការបរទេស លោក Maris Sangiampongsa បានប្រាប់សន្និសីទសារព័ត៌មាននៅរសៀលថ្ងៃអាទិត្យថា លោកបានបញ្ជាឱ្យសមាជិកថៃនៃ JBC កម្ពុជា-ថៃ ជួបនៅក្រសួងការបរទេសនៅថ្ងៃអាទិត្យ ដើម្បីរៀបចំសម្រាប់ការចរចារបស់ពួកគេជាមួយសមភាគីកម្ពុជា។ 

រដ្ឋមន្ត្រីខាងលើបានបន្ថែមថា ជំនួបនេះទាក់ទងនឹងការប៉ះទង្គិចគ្នារវាងទាហានថៃ និងខ្មែរនៅតំបន់មុំបី ក្នុងខេត្តអ៊ូប៊ុន រ៉ាត់ថានី កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។

លោកបានបន្តទៀតថា លោកបានពិភាក្សាបញ្ហានេះជាមួយសមភាគីកម្ពុជានិងនាយករដ្ឋមន្ត្រីកម្ពុជា តាមទូរស័ព្ទ ឬដោយផ្ទាល់នៅក្នុងវេទិកាអន្តរជាតិនាពេលថ្មីៗនេះ ហើយភាគីទាំងពីរបានឯកភាពសហការគ្នាកាត់បន្ថយភាពតានតឹង និងប្រើប្រាស់យន្តការព្រំដែនរួមដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ 

លោក Maris បានមានប្រសាសន៍ថា “ប្រទេសថៃ និងកម្ពុជាមានភាពជិតស្និទ្ធខ្លាំងទាំងក្នុងកម្រិតរដ្ឋាភិបាល និងស៊ីវិល។ 

ដូច្នេះ ចាំបាច់ត្រូវការពារស្ថានការណ៍កុំឲ្យកើនឡើង… ជម្លោះធ្ងន់ធ្ងរណាមួយនឹងមិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ”។

ហើយទាក់ទិននឹងឧបទ្ទវហេតុកាលពីថ្ងៃទី ២៨ ឧសភា កន្លងទៅនោះ រដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា “ទោះជាយ៉ាងនេះក្តី លោកទទូចថា ចំណាត់ការរបស់ប្រទេសថៃ គោរពតាមគោលការណ៍ច្បាប់អន្តរជាតិ និងសមាមាត្រទៅនឹងស្ថានការណ៍”។

គួរបញ្ជាក់ឲ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅ នាយកដ្ឋានកិច្ចការស៊ីវិលនៃកងទ័ពភូមិន្ទថៃ បានបង្ហោះរបាយការណ៍ និងរូបភាពនៅលើទំព័រ Facebook របស់ខ្លួនអំពីមេបញ្ជាការកងទ័ពប្រចាំតំបន់ ដើម្បីលើកកម្ពស់ស្មារតី និងត្រួតពិនិត្យការត្រៀមលក្ខណៈរបស់កងកម្លាំងរបស់ពួកគេនៅជិតព្រំដែនកម្ពុជា-ថៃ៕