
ក្រុងគែរ/ហ្គាហ្សា (រ៉យទ័រ) ៖ យោងតាមក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ៣០ នាក់បានស្លាប់និងជិត ១៧០ នាក់រងរបួសកាលពីថ្ងៃអាទិត្យនៅតំបន់ហ្គាហ្សាភាគខាងត្បូងក្បែរកន្លែងចែកចាយស្បៀងអាហារ ខណៈមានការរាយការណ៍ថា ទាហានអ៊ីស្រាអែលបានបាញ់លើមនុស្សដែលព្យាយាមប្រមូលជំនួយ។
ផ្អែកតាមសាក្សីនៅក្នុងហេតុការណ៍បាននិយាយថា យោធាអ៊ីស្រាអែលបានបើកការបាញ់ប្រហារ ខណៈដែលប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីទទួលបានជំនួយស្បៀងអាហារ។
ប៉ុន្តែយោធាអ៊ីស្រាអែលបែរជាបានបដិសេធដោយលើកឡើងថា ការស៊ើបអង្កេតដំបូងបានរកឃើញថា ទាហានរបស់ខ្លួនមិនបានបាញ់ទៅលើជនស៊ីវិលនោះទេ ខណៈពេលដែលទាហានទាំងនោះនៅជិត ឬនៅក្នុងកន្លែងចែកចាយស្បៀងប៉ុណ្ណោះ។
ផ្ទុយទៅវិញ ក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មនុស្ស 31 នាក់ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងមួយគ្រាប់ចំក្បាល ឬទ្រូងពីការបាញ់ប្រហាររបស់អ៊ីស្រាអែល ខណៈដែលពួកគេត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់ចែកចាយជំនួយស្រុក Al-Alam ក្នុងទីក្រុង Rafah ។
ដោយក្នុងចំណោមនោះមនុស្ស 169 នាក់ក៏បានរងរបួសផងដែរ។
គួរឲ្យដឹងថា យោងតាមការលើកឡើងរបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនភាគច្រើននៃតំបន់ហ្គាហ្សាចំនួន 2 លាននាក់កំពុងប្រឈមនឹងគ្រោះទុរ្ភិក្សបន្ទាប់ពីការបិទផ្លូវរបស់អ៊ីស្រាអែលរយៈពេល 11 សប្តាហ៍លើការផ្តល់ជំនួយចូលទៅក្នុងតំបន់នេះ។
ហើយចំនួនអ្នករងរបួសដោយការវាយប្រហារនេះ គឺជាចំនួនខ្ពស់បំផុតដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យផងដែរ៕
