
ថៃ៖ នៅវេលាម៉ោង១០ព្រឹក កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កឲ្យមានទឹកជំនន់ជន់លិចផ្ទះ និងសាលាជាច្រើនដែលស្ថិតក្នុងឃុំថាសាវ៉ាន់ ស្រុកណាឌួង ខេត្តឡឺយ។
យោងតាមការចេញផ្សាយពីសារព័ត៌មានថៃ Naewnanews នាថ្ងៃទី៣០ ឧសភា នេះបានឲ្យដឹងថា សិស្សសាលាថៃជាច្រើនត្រូវបានប្រាប់អោយត្រឡប់ទៅផ្ទះវិញ ដើម្បីគេចពីគ្រោះទឹកជំនន់ ខណៈដែលពេលនេះកម្ពស់ទឹកកំពុងកើនឡើងយ៉ាងឆាប់រហ័សដែលធ្វើឲ្យជន់លិចអគារសិក្សាជាច្រើន។ ដោយនៅក្រោមអគារសិក្សានោះ ទឹកបានជន់លិចដល់កម្ពស់ប្រមាណជា៦០សង់ទីម៉ែត្រឯណោះ ដែលជាកម្ពស់ទឹកដ៏ធំមួយដែលបានហូរហៀរទៅមាត់ច្រាំង ហើយវាក៏ហូរកាត់ប្រឡាយទឹកជន់លិចផ្លូវក្នុងភូមិផងដែរ។ តាមសារព័ត៌មានខាងលើបានឲ្យដឹងទៀតថា ពេលនេះសាលារៀនត្រូវបានបិទជាបណ្ដោះអាសន្នហើយផ្ទះប្រជាពលរដ្ឋប្រមាណ១០ខ្នងក៏បានលិចផងដែរ។ ប្រសិនបើល្ងាចថ្ងៃទី៣០ ឧសភា នេះ មិនមានភ្លៀងធ្លាក់ទេនោះ គេរំពឹងថាស្ថានការណ៍នឹងវិលមករកភាពប្រក្រតីវិញ៕




