2025-05-30 14:43
28

ឌូបៃ៖ រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត បាននិយាយទៅកាន់មន្ត្រីអ៊ីរ៉ង់ក្នុងទីក្រុងតេហេរ៉ង់កាលពីខែមុនថា គួរតែទទួលយកសំណើរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរយ៉ាងយកចិត្តទុកដាក់ ព្រោះវាបង្ហាញពីវិធីមួយដើម្បីជៀសវាងហានិភ័យនៃសង្គ្រាមជាមួយអ៊ីស្រាអែល។


ដោយមានការព្រួយបារម្មណ៍ចំពោះអនាគតនៃអស្ថិរភាពក្នុងតំបន់ ស្តេច Salman bin Abdulaziz នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជូនព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Khalid bin Salman រួមនឹងការព្រមានដល់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោកAyatollah Ali Khamenei ផងដែរ។ 

ដោយលោក Trump ទើបតែបានប្រកាសដោយមិននឹកស្មានដល់ត្រឹមតែជាងមួយសប្តាហ៍មុននេះថា កិច្ចចរចាដោយផ្ទាល់កំពុងធ្វើឡើងជាមួយទីក្រុង Tehran ក្នុងគោលបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ 

ការប្រកាសបែបនេះរបស់ ត្រាំ បានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺលោក Benjamin Netanyahu ដែលលោកបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

យោងតាមរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតបាននិយាយថា វាជាការប្រសើរជាងក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ជាជាងប្រឈមមុខនឹងលទ្ធភាពនៃការវាយប្រហាររបស់អ៊ីស្រាអែល។

គួរឲ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ទីតាំងក្នុងតំបន់របស់អ៊ីរ៉ង់ត្រូវបានបំផ្លាញដោយការវាយលុកផ្នែកយោធាយ៉ាងធ្ងន់ធ្ងរដោយអ៊ីស្រាអែល ទៅលើសម្ព័ន្ធមិត្តរបស់ខ្លួន គឺពួកហាម៉ាសនៅហ្គាហ្សា និងហេសបូឡានៅលីបង់ ក៏ដូចជាការផ្តួលរំលំមេដឹកនាំស៊ីរី គឺលោក Bashar al-Assad ផងដែរ។ ទន្ទឹមនឹងនោះ ទណ្ឌកម្មរបស់លោកខាងលិច ក៏បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើប្រេងយ៉ាងធ្ងន់ធ្ងររបស់អ៊ីរ៉ង់ទៀតផង។

លោក Mohanad Hage Ali អ្នកជំនាញលើប្រទេសអ៊ីរ៉ង់នៅមជ្ឈមណ្ឌល Carnegie Middle East ក្នុងទីក្រុង Beirut បាននិយាយថា ភាពទន់ខ្សោយរបស់ទីក្រុង Tehran បានផ្តល់ឱ្យអារ៉ាប៊ីសាអូឌីតនូវឱកាសដើម្បីបញ្ចេញឥទ្ធិពលការទូតរបស់ខ្លួន ដោយស្វែងរកការជៀសវាងការបះបោរក្នុងតំបន់។ 

លោកបានប្រាប់រ៉យទ័រថា អារ៉ាប់ប៊ីសាអូឌីតចង់ជៀសវាងសង្រ្គាម ពីព្រោះសង្រ្គាម និងការប្រឈមមុខជាមួយប្រទេសអ៊ីរ៉ង់នឹងមានផលប៉ះពាល់អវិជ្ជមានលើពួកគេនិងចក្ខុវិស័យសេដ្ឋកិច្ច ក៏ដូចជាមហិច្ឆតារបស់ពួកគេផងដែរ៕