
កាណាដា៖ គ្រោះមហន្តរាយភ្លើងឆេះព្រៃមួយបានកើតឡើងនៅភាគខាងលិចនៃប្រទេសកាណាដា បណ្ដាលឲ្យមានការរីករាលដាលដល់ខេត្តមួយផ្សេងទៀត ខណៈដែលមនុស្សរាប់ពាន់នាក់កំពុងតែបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
យោងតាមលោក Scott Moe ប្រមុខរដ្ឋាភិបាល នៃ Saskatchewan បាននិយាយថា អ្វីដែលប្រជាជននិងសហគមន៍ទាំងមូលបានជួបប្រទះនាពេលនេះគឺធ្ងន់ធ្ងរ ហើយជាអ្វីដែលលោកនិងសហគមន៍ទាំងមូលមិនដែលជួបប្រទះពីមុនមកទាល់តែសោះ។
ដោយលោកបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈភ្លើងឆេះព្រៃចំនួន ១៤ បាននឹងកំពុងឆាបឆេះយ៉ាងខ្លាំងក្នុងខេត្តផងដែរ។
យោងតាមការចេញផ្សាយពីគេហទំព័រ BBC news នាថ្ងៃទី៣០ ឧសភា នេះ បានឲ្យដឹងថា មួយថ្ងៃមុននេះ មនុស្ស 17,000 នាក់ត្រូវបានប្រាប់ឱ្យរត់គេចពីភ្លើងឆេះព្រៃនៅក្នុងខេត្តជិតខាងនៃ Manitoba ដែលបានប្រកាសភាពអាសន្នរបស់ខ្លួន។ ដោយអគ្គីភ័យជាង 166 កំពុងឆាបឆេះយ៉ាងខ្លាំងនៅទូទាំងប្រទេសកាណាដា។
គួរឲ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បត្តិ៍ទី២៩ ឧសភា ម្សិលមិញនេះ ភ្លើងចំនួន 84 បានឆាបឆេះយ៉ាងសន្ធោសន្ធៅនិងត្រូវបានរាយការណ៍ថាមិនអាចគ្រប់គ្រងបាន ដោយខេត្ត Alberta, Ontario និង British Columbia បានរងនូវការឆាបឆេះខ្លាំង។ ហើយនាពេលនេះ ផ្សែងពីភ្លើងឆេះព្រៃក្នុងប្រទេសកាណាដាកំពុងចាប់ផ្តើមរាលដាលឆ្លងព្រំដែនភាគខាងត្បូងចូលទៅក្នុងសហរដ្ឋអាមេរិក ដោយបង្កឱ្យមានការជូនដំណឹងអំពីគុណភាពខ្យល់ផងដែរ។
សូមបញ្ជាក់ឲ្យដឹងថា ប្រទេសកាណាដាធ្លាប់មានភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងកំណត់ត្រាក្នុងឆ្នាំ 2023 ដែលមានការឆេះលើផ្ទៃដីធំជាងប្រទេសអង់គ្លេស និងច្រើនជាងពីរដងនៃកំណត់ត្រាមុនទៅទៀត។
យោងតាមអ្នកអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ដោយសារតែការប្រែប្រួលអាកាសធាតុនៅប្រទេសកាណាដាទើបបណ្ដាលឲ្យកើតមាននូវភ្លើងឆេះព្រៃកាន់តែអាក្រក់ទៅ ដែលជាបញ្ហាដែលប៉ះពាល់ដល់ប្រទេសកាណាដាយ៉ាងខ្លាំង។
ដោយកាណដាឡើងកំដៅក្នុងអត្រាពីរដងបើធៀបនឹងមធ្យមភាគពិភពលោក ដោយសារផ្ទៃដីដ៏ធំរបស់ប្រទេសនេះ ហើយតំបន់អាកទិករបស់កាណាដាក៏ឡើងកំដៅលឿនជាងបីដងផងដែរ៕

