2025-05-31 12:38
32

ថៃ៖ ថៃជាប្រទេសមួយដែលទីមានតាំងស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិននៃភូមិភាគអាស៊ីអាគ្នេយ៍។ ប្រទេសនេះ ស្ថិតនៅចំកណ្តាលអាស៊ីអាគ្នេយ៍ដីគោក ដែលមានព្រំប្រទល់ជាប់ ជាមួយប្រទេសកម្ពុជា, ម៉ាឡេស៊ីយ៉ា , មីយ៉ាន់ម៉ា ,ឡាវ និងទិសខាងត្បូងជាប់ជាមួយឈូងសមុទ្រ ឯទិសខាងនិរតីជាប់ជាមួយមហាសមុទ្រឥណ្ឌា។ 

បើទោះបីជាប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយកម្ពុជា និងស្ថិតនៅចំកណ្ដាលអាស៊ីអាគ្នេយ៍យ៉ាងណាក៏ក្ដី ក៏ប៉ុន្តែក្នុងឆ្នាំ២០២៥ នេះ ប្រទេសថៃហាក់ជួបនូវគ្រោះមហន្តរាយផ្ទួនៗគ្នាដោយមិននឹកស្មានដល់។ ដោយព្រឹត្តិការណ៍ទាំងនោះមានដូចជា៖

•  កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ប្រទេសថៃបានជួបប្រទះការរញ្ជួយដីដ៏ធំមួយ ដែលមានកម្រិតរហូតទៅដល់ ៧.៧រ៉ិចទ័រ និងបានបណ្ដាលឲ្យមានការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសនេះ ដោយការកើតឡើងនេះដោយសារតែមានការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ដែលជាហេតុនាំឲ្យមានការរញ្ជួយនៅទូទាំងប្រទេសថៃដែរ។ លើសពីនេះបន្ទាប់ពីកើតមានគ្រោះមហន្តរាយមួយនេះមិនទាំងបានស្រួលបួលផង ប្រទេសថៃក៏ប្រឈមនឹងបញ្ហាអាកាសធាតុ និងទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានកើតឡើងក្នុងខែមេសាផងដែរ។ 

• គ្រោះរញ្ជួយដីទើបតែបានស្ងប់ស្ងាត់មួយរយៈ ស្រាប់តែក្នុងអំឡុងខែឧសភា ប្រទេសថៃក៏កើតមានជំងឺឆ្លងដែលមានឈ្មោះថា អង់ត្រាក់ ដែលបានបណ្ដាលឲ្យឆ្លងទៅដល់ប្រជាជនដែលនៅក្នុងភូមិជាច្រើននាក់ ដោយសារតែអ្នកភូមិទាំងនោះនាំគ្នាបរិភោគសាច់គោ។
 
មិនតែប៉ុណ្ណោះមិនទាន់ទាំងបានជាពីជំងឺនេះស្រួលបួលផង រដ្ឋាភិបាលថៃក៏បានប្រកាសពាក់ព័ន្ធនឹងការរីករាលដាលឡើងវិញនៃវីរុសកូវីដឆ្លងថ្មីដែលបានបណ្ដាលឲ្យប្រជាជនខ្លួនជាងមួយម៉ឺននាក់ បានឆ្លងនឹងវីរុសប្រភេទថ្មីនេះ។

•  លើសពីនេះកាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ ប្រទេសថៃក៏កើតមានហេតុការណ៍មួយផ្សេងទៀត ដោយឧទ្ធម្ភាគចក្រប៉ូលិសមួយគ្រឿងបានធ្លាក់ និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ដែលបានបណ្ដាលឲ្យអ្នកបើកយន្តហោះពីរនាក់និងជាងម៉ាស៊ីនហោះហើរម្នាក់បានស្លាប់ផងដែរ។ 

• ម្យ៉ាងវិញទៀត កាលពីថ្ងៃទី២៨ ឧសភា កន្លងទៅថ្មីៗនេះ នៅប្រទេសថៃក៏បានផ្ទុះនូវព្រឹត្តិការណ៍ថ្មីមួយទៀត ដោយមានក្រុមខ្មាន់កាំភ្លើងមួយក្រុមបានចូលវាយប្រហារប៉ុស្តិ៍ប៉ូលីស ដែលមានការបាញ់រះ១៥ នាទី និងបានបណ្ដាលឲ្យប៉ូលីសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ រួមទាំងមានការខូចខាតសម្ភារៈជាច្រើនទៀតផង។

• ព្រឹត្តិការណ៍នេះនៅមិនទាន់ចប់នោះទេ រំលងបានមួយថ្ងៃកាលពីថ្ងៃទី២៩ ខែឧសភា ប្រទេសថៃក៏កើតមានករណីអគ្គិភ័យឆាបឆេះទូកទេសចរណ៍បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដែលបណ្ដាលឲ្យទូកទេសចរណ៍ចំនួនពីររងការខូតខាត និងមិនបានបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

• បន្ថែមពីនេះទៀត មិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ប្រទេសនេះក៏ត្រូវរងនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលកាលពីថ្ងៃទី៣០ ឧសភា មានខេត្តមួយចំនួនត្រូវបិទសាលារៀន និងបានបង្កឲ្យមានការជន់លិចទៅដល់ផ្ទះប្រជាពលរដ្ឋជាច្រើនទៀតផង។

ទាំងនេះគឺជាព្រឹត្តិការណ៍ខ្លះៗ ដែលបានកើតឡើងនៅក្នុងប្រទេសថៃ អំឡុងពេលឈានចូលឆ្នាំ២០២៥ នេះ៕