
កាលពីថ្ងៃទី 28 ឧសភា ម្សិលមិញនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានបញ្ជាក់ថា ក្រោយពីកើតនូវការប៉ះទង្គិចព្រំដែននាពេលថ្មីៗនេះរវាងទាហានថៃ និងកម្ពុជានៅតំបន់មុំបី លោកស្រីបានទាក់ទងជាមួយក្រសួងការពារជាតិ និងបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ដោយបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរយល់អំពីស្ថានភាព និងកំពុងធ្វើការរួមគ្នាដើម្បីដោះស្រាយឱ្យបានឆាប់រហ័ស។
ដោយលោកស្រីបានបន្ថែមថា៖ លោកស្រីពិតជាមិនចង់ឲ្យបញ្ហានេះកាន់កើនឡើងនោះទេ។
យោងតាមការចេញផ្សាយពីគេហទំព័រ The Nation នាថ្ងៃទី២៩ ឧសភានេះ លោកស្រី ផែថងថាន (Paetongtarn) បានឆ្លើយតបទៅនឹងការចោទសួររបស់អ្នកកាសែតដែលថា តើទំនាក់ទំនងរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រាជាមួយកម្ពុជាអាចជួយដោះស្រាយបញ្ហានេះឬយ៉ាងណានោះ?
លោកស្រីបានបញ្ជាក់ថា ទំនាក់ទំនងរបស់លោកស្រីជាមួយនាយករដ្ឋមន្ត្រីកម្ពុជាគឺល្អរួចទៅហើយ។
គួរឲ្យដឹងថា យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសន្តិសុខព្រំដែន ជុំវិញការប៉ះទង្គិចគ្នារវាងទាហានកម្ពុជានិងថៃបានកើតឡើងនៅវេលាម៉ោង ៥ និង៤៥នាទីកាលពីព្រឹកថ្ងៃពុធ នៅតំបន់មុំបី។ ដែលការប៉ះទង្គិចគ្នានេះក៏បានបណ្ដាលឲ្យទាហានកម្ពុជាម្នាក់បានបាត់បង់ជីវិតផងដែរ៕
