2025-05-28 22:47
37

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ផ្ញើលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ាន ចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ាន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែន «តំបន់មុំបី» ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖​ «ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ាន គឺជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹន្ទបាលឯក សួន រ៉ាន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕