2025-05-29 17:56
24

ព្រះវិហារ៖ សពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលទទួលមរណភាព ក្នុងព្រឹត្តិការផ្ទុះអាវុធដាក់គ្នា ពីការឈ្លានពាន និងបាញ់សម្លាប់ពីសំណាក់កងទ័ពថៃ កាលពីថ្ងៃម្សិលមិញ នៅក្នុងលេណដ្ឋាន ត្រូវបានតម្លើងឋានន្តរស័ក្ដិឋានៈបច្ឆាមរណៈកិត្តិយស ជា «អនុសេនីយ៍ឯក» ជាកិច្ចបច្ឆាមរណៈ។ 

ពិធីបំពាក់ឋានន្តរស័ក្ដិឋានៈបច្ឆាមរណៈកិត្តិយស ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រោយអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុធ ម៉ោល នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគម៍លេខ៣ ប្រចាំទិសខេត្តព្រះវិហារ។

នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការបាត់បង់ព្រិន្ទបាលឯក សួន រ៉ោន ថាជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដែលតែងបានលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែប យ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការបាត់បង់ព្រិន្ទបាលឯក សួន រ៉ោន ថាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ “ជាតិ សាសនា ព្រះមហាក្សត្រ” ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា៕

សូមជម្រាបថា វីរយុទ្ធជន សួន រ៉ោន ជាយុទ្ធជនក្រុម១ វរសេនាតូចអន្តរាគមន៍លេខ ៣៩៥ នៃកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលត្រូវបានពលីជីវិត នៅព្រឹកព្រលឹមថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៧ឆ្នាំ ក្នុងឧបទ្ទវហេតុប៉ះទង្គិចគ្នានៅតំបន់មុំបី ព្រំដែនកម្ពុជា-ថៃ ក្នុងពេលបំពេញភារកិច្ចការពារជាតិមាតុភូមិ៕