2025-05-29 17:27
24

ភ្នំពេញ៖ «ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េ ពីសំណាក់ក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់» នេះគឺជាការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។ 

អ្នកនាំពាក្យក្រសួការងារ បានសង្កត់ធ្ងន់ថា៖ «គ្មានសាលាបណ្ដុះបណ្ដាល គ្មានសមាគម និងគ្មានក្រុមហ៊ុនឯកជនណាមួយដែលមានសិទ្ធិក្នុងការជ្រើសរើស និងបញ្ជូនពលករខ្មែរឱ្យទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េនោះទេ ព្រោះការបញ្ជូនពលករ គឺយន្តការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េតែប៉ុណ្ណោះ។ ការលួចលាក់បញ្ជូន និងជ្រើសរើសណាមួយស្មើបទល្មើស ការជួញមនុស្សដែលជាបទល្មើសព្រហ្មទណ្ឌ»។

បន្ថែមលើកនេះ លោក ស៊ុន មេសា បានបន្ថែមទៀតថា «សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ សមាគម និងក្រុមហ៊ុនឯកជនមានមានសិទ្ធិបើកវគ្គបណ្ដុះបណ្ដាលជំនាញភាសា ឬជំនាញផ្សេងៗបាន ប៉ុន្ដែគ្មានសិទ្ធិក្នុងការជ្រើសរើស ឬបញ្ជូនពលករទេ»។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាត់តាមវិធានការច្បាប់ ចំពោះក្រុមហ៊ុនឯកជន សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ និងមេខ្យល់ទាំងឡាយណាដែលបានប្រព្រឹត្តិគឃ្លើនផ្ទុយពីការណែនាំនេះ។ 

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសកូរ៉េ សូមទាក់ទងក្រសួងការងារតែមួយគត់ដែលជាអ្នកមានសិទ្ធិជ្រើសរើស និងបញ្ជូនស្របច្បាប់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ជាប្រមុខការពារដាច់ខាតចំពោះពលរដ្ឋរបស់ខ្លួន និងការពារប្រយោជន៍ជូនពលរដ្ឋរបស់ខ្លួនដោយមិនលើកលែងចំពោះជនទាំងឡាយណាដែលគឃ្លើនចំពោះបម្រាមនោះឡើយ ហើយជាមួយគ្នានេះសូមពលរដ្ឋជួយរាយការណ៍មកក្រសួងនូវពេលបានឃើញ និងបានដឹងអំពីការផ្សព្វផ្សាយការជ្រើសរើស និងបញ្ជូនពីវិស័យឯកជនដើម្បីអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា៕