2025-05-29 16:46
25

ភ្នំពេញ៖ តាមការគ្រោងទុកមេទ័ពជើងគោកកម្ពុជា នៅថ្ងៃនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបចរចាគ្នាដោយផ្ទាល់ជាមួយមេទ័ពជើងគោកថៃ ជុំវិញករណីទាហានថៃបាញ់លើលេណដ្ឋានកងទ័ពកម្ពុជា ជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកដែលបណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់ភ្លាមៗ។ 

សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ បានដាក់ក្ដីសង្ឃឹមថា «ជំនួបចរចានេះ នឹងមានលទ្ធផលល្អ ស្ថានការណ៍កងទ័ពនឹងថមថយកម្ដៅ មានទំនាក់ទំនងល្អដូចមុន»។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ «ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃ នៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក»។

សូមបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា កងទ័ពថៃ បានធ្វើសកម្មភាពបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា មានតាំងពីយូរលង់ណាស់មកហើយ បណ្ដាលឲ្យ លោកព្រឹទ្ធបាល សួន រ៉ោន ទទួលបរណភាពក្នុងព្រឹត្តការណ៍ផ្ទុះអាវុធតដៃគ្នារយៈពេលខ្លីប្រមាណ ១០នាទី ប៉ុន្តែក្រោយមកស្ថានការណ៍បានស្ងប់ស្ងាត់ទៅវិញ ដោយមានការចរចាគ្នារវាងមេទ័ពដែលឈរជើងប្រចាំការនៅតំបន់ជួរមុខ៕