2025-05-29 21:35
91

ភ្នំពេញ៖ លទ្ធផលក្នុងជំនួបចរចាគ្នា ដើម្បីដោះស្រាបបញ្ហាជម្លោះព្រំដែន រវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថៃ ដែលប្រព្រឹត្តទៅមានរយៈពេលប្រមាណជាង ១ម៉ោង នៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ ភាគីទាំងពីរបានឯកភាពគ្នាចំនួន ៤ចំណុច ក្នុងនោះ កម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពី «ការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ»

នៅយប់ថ្ងៃព្រហស្សតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ អគ្គបញ្ជាការកងទ័ពជើងគោក ចេញសេចក្តីថ្លែងការណ៍ជុំវិញជំនួបចរចាររវាងកម្ពុជា-ថៃ ដោយបានបញ្ជាក់ថា៖ ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង៣០នាទីរសៀល នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចានៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់។

សេចក្តីថ្លែងការណ៍របស់អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក បានបង្ហាញអំពីទទួលបានលទ្ធផល នៃជំនួបចរចារវាងមេទ័ពទាំងពីរភាគីថា៖ «បានឯកភាពគ្នាលើ ៤ចំណុច ដូចខាងក្រោម៖

១- ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពី ការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។ 

២- ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និង ដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ឬ៣សប្តាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ 

៣- ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ និង

៤-ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ»។ 

បើយោងតាមសារព័ត៌មានថៃ Thai Enquirer បានស្រង់សំដីអ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាកថា៖ មេបញ្ជាការកងទ័ពថៃ សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់កងកម្លាំងកម្ពុជានៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះ និងសូមបញ្ជាក់ពីការតាំងចិត្តរបស់ថៃ ក្នុងការដោះស្រាយស្ថានការណ៍ តាមរយៈការជជែកពិភាក្សាដោយសន្តិវិធី។ អ្នកនាំាពាក្យយោធាថៃ ​បានបញ្ជាក់ជាថ្មីថា៖ «ថៃនឹងមិនរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា និងមិនលើកឡើងពីការទាមទារទឹកដីទៀតឡើយ»

ចំពោះលទ្ធផលនៃជំនួបចរចានរវាង មេទ័ពកម្ពុជា-ថៃ ពាក់ព័ន្ធជម្លោះប្រដាប់អាវុធនេះ អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាព រួមមាន៖ ទី១- បន្តដំណើរការដោះស្រាយបញ្ហាព្រំដែនតាមរយៈគណៈកម្មាធិការព្រំដែនរួមថៃ-កម្ពុជា (JBC) ដែលរំពឹងថានឹងជួបប្រជុំគ្នាក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ ទី២- រៀបចំទីតាំងឈរជើងកងទ័ពឡើងវិញ ដើម្បីកាត់បន្ថយហានិភ័យនៃការប្រឈមមុខដាក់គ្នា និង ទី៣- ថែរក្សាទំនាក់ទំនងទ្វេភាគីល្អ និងរក្សាការអត់ធ្មត់។

សូមជម្រាបថា ជំនួបចរចានេះបានធ្វើឡើងបន្ទាប់ពីទាហានថៃ បានឆ្មក់ចូលអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់មុំបី និងបានបាញ់ប្រហារមុនលើកងទ័ពកម្ពុជា ដែលឈរជើងនៅលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា មានតាំងពីយូរលង់ណាស់មកហើយ នៅវេលាម៉ោងជាង ៥ព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី២៨ ខេឧសភានេះ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត៕