2025-05-30 10:31
16

កំពង់ស្ពឺ៖ រថយន្តយក្ស (ប្រភេទយីឌុប) កែច្នៃខុសលក្ខណៈបច្ចេកទេសដឹកអុសមានទម្ងន់រាប់សិបតោន បានធ្វើចរាចរឆ្លងតាត់ផ្លូវក្រាលកៅស៊ូមួយខ្សែរពីផ្សារស្លាបលេងទៅផ្សារត្រពាំងផុត ដែលច្បាប់អនុញ្ញាតឱ្យតែរថយន្តផ្ទុកទម្ងន់ត្រឹម ១៥តោនចុះក្រោមអាចឆ្លងកាត់បាន ប៉ុន្តែរថយន្តនេះផ្ទុកលើចំណុះរហូតផ្លូវទ្រទម្ងន់លេងបានក៏ស្រុតបាក់ក្រឡាប់រថយន្តច្រងាងបិទផ្លូវ ត្រង់ចំណុច គល់ស្ពានទំនប់អូរក្បៀរ មិនអាចធ្វើចរាចរបានតាំងពីយប់ រហូតដល់ព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ។

ខណៈពេលនេះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំ និងរដ្ឋបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បាននាំគ្នាចុះទៅអន្តរាគមន៍ និងបានប្រាប់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ មានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនករណីចាំបាច់សូមរកផ្លូវវាង ព្រោះអាជ្ញាធរកំពុងធ្វើកិច្ចចការងារនេះ ដើម្បីស្ទូចយករថយន្តបង្កការខូចខាតផ្លូវសាធារណរបស់រដ្ឋទៅរក្សាទុក និងមានចំណាត់តាមផ្លូវច្បាប់។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តយីឌុប ០១គ្រឿង ម៉ាក យ៉ានដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 3A-2715 ដឹកអុសពេញប្រៀបរថយន្ត មានទម្ងន់រាប់សិបតោន បានបង្កការបាក់ស្រុតដីបាក់ផ្លូវ នៅស្ពាន «ទំនប់អូរក្បៀរ» ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ការបាក់ស្រុតនេះ ធ្វើឱ្យរថយន្តផ្អៀងកៀបជាប់នឹងក្បាលស្ពាន។

តាមប្រភពបានបន្តទៀតថា នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភានេះ រដ្ឋបាលស្រុកបសេដ្ឋ បានជូនដំណឹងដល់ សាធារណជន ដែលធ្វើដំណើរតាមដងផ្លូវពីផ្សារស្លាបលែង ទៅផ្សារត្រពាំងផុង មិនអាចឆ្លងកាត់បាននោះទេ ដោយសារតែឧប្បតវហេតុនេះ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋ ធ្វើដំណើតាមផ្លូវ រវាងជាបណ្ដោះអាសន្នសិន ដោយអាជ្ញាធរពាក់ព័ន្ធកំពុងតែធ្វើអន្តរាគមន៍។

ពាក់ព័ន្ធករណីបាក់ស្រុតផ្លូវបង្កដោយរថយន្តយក្សដឹកលើសទម្ងន់នេះ មហាជនស្នើដល់អាជ្ញាធរ និងមន្ត្រីជំនាញគួរមានវិធានការឱ្យបានតឹងរឹងបំផុតចំពោះម្ចាស់អាជីវកម្មរថយន្តទំនិញឱ្យធ្ងន់ធ្ងរ ដើម្បីជាការព្រមានដល់ម្ចាស់អាជីកម្មផ្សេងៗទៀត កុំឱ្យយកគំនូរតាម ពោល គឺការដឹកឱ្យបានសមស្របច្បាប់កំណត់ និងទម្ងន់មធ្យមដែលផ្លូវអាចទ្របាន៕