
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា៖ «ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់»។
ក្រសួងការពារជាតិ បានលើកឡើងថា៖ «ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនេះ វាមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត»។
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ»។
ក្រសួងការពារជាតិ បានអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែន ឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ដូចជារបស់ប្រទេសជាតិទាំងសងខាង។ ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។
សូមជម្រាបថា ក្រោយហេតុការណ៍នេះកើតឡើងភ្លាម លោកឧត្តមសេនីយ៍ឯក ថុល សុវណ្ណ មេបញ្ជាការរងកងពលតូចគាំទ្រលេខ៣ របស់កម្ពុជា បានទាក់ទងតាមទូរសព្ទជាមួយមេបញ្ជាការរង នៃកម្លាំងតម្រួតបទបញ្ជារបស់ថៃប្រចាំការនៅច្រកជាំក្សាន្ត ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា នៅម៉ោង ០៥និង៥៥នាទីព្រឹកថ្ងៃដដែល។ យន្តការទ្វេភាគីរួមគ្នាមួយកំពុងត្រូវបានចូលរួមក្នុងការពិភាក្សា ដើម្បីដោះស្រាយដោយសន្តិវិធី។
ពាក់ព័ន្ធការប៉ះទង្គិចគ្នានេះ កាសែតថៃ បានចុះផ្សាយថា៖ «កងទ័ពភូមិន្ទថៃ បានប្តេជ្ញាស្វែងរកដំណោះស្រាយដោយសន្តិវិធី និងមានតម្លៃចំពោះទំនាក់ទំនងដ៏រឹងមាំ ជាមួយកម្ពុជា សម្របសម្រួលកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីរក្សាស្ថិរភាពព្រំដែន និងសន្តិភាពសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។ កងទ័ពបានទទូចដល់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជន ត្រូវពឹងផ្អែកលើប្រភពព័ត៌មានផ្លូវការ និងចៀសវាងការចែករំលែករូបភាព ឬព័ត៌មានលម្អិតដែលមិនបានបញ្ជាក់ច្បាស់លាស់ជាផ្លូវការដែលអាចបណ្តាលឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី៕

