
ព្រះវិហារ៖ កងទ័រកម្ពុជា និងថៃ បានផ្ទុះអាវុធដាក់គ្នាមួយប្រាវ នៅក្នុងជម្លោះព្រំដែនរវាងប្រទេសទាំង នៃតំបន់មុំបី ខេត្តព្រះវិហារ ជាប់តំបន់ចុងបូក ខេត្ត (អុប៊ូន រាជធានី)Ubon Ratchathani ប្រទេសថៃ នៅព្រឹកព្រលឹមអុលថ្ងៃពុធ ទី២៨ ខែឧសភានេះ។
តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ការប៉ះទង្គិចគ្នារវាយោធាកម្ពុជា និងថៃនេះកើតឡើងក្នុងរយៈពេលខ្លី ពោល គឺប្រមាណជាង ១០នាទីប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានរបាយការណ៍បង្ហាញអំពីការគ្រោះថ្នាក់ដល់កងទ័ពនៃភាគីទាំងពីរឡើយ។ ក្នុងពេលភ្លាមៗនៃការផ្ទុះអាវុធ មេបញ្ជាការយោធាប្រចាំតំបន់កើតមានជម្លោះ បានធ្វើការទំនាក់ទំនងគ្នាចរចរ ដើម្បីបញ្ឈប់ការបាញ់តបតគ្នា ចៀសវាងកើតមានទៅជាសង្គ្រាម។
កាសែតបាងកកប៉ុស្តិ៍ បានស្រង់សម្តី លោកឧត្តមសេនីយ៍(វិនថៃ សុវារី) Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ មកធ្វើចុះផ្សាយថា៖ «ក្រុមទាហាន(សូរាន់ណារី ថេស ហ្វស) Suranaree Task Force បានរាយការណ៍ពីការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅវេលាម៉ោង ០៥និង៣០នាទីព្រឹក នៅថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ។ នៅមុនពេលកើតហេតុ មានទាហានខ្មែរមួយក្រុម បានចូលទៅតំបន់ដែលមានជម្លោះ ហើយទាហានថៃ ក៏បានចូលទៅជិត និងបានសួរនាំ ហើយក៏បានប៉ះពារសម្ដីគ្នា រហូតដល់មានការផ្ទុះអាវុធកើតឡើងប្រហែល ១០នាទី»។
អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ប្រាក់កាសែតថៃថា៖ «ក្រោយកើតហេតុ មេបញ្ជាការរងនៃកងកម្លាំងក្នុងស្រុកថៃ និងកម្ពុជា បានពិភាក្សាគ្នាភ្លាមៗ តាមទូរសព្ទ និងបានយល់ព្រមបញ្ឈប់សកម្មភាពបាញ់តបតគ្នា ប៉ុន្ដែ ទាហាននៃប្រទេសទាំងពីរ នៅតែស្ថិតនៅកន្លែងកើតហេតុ»។
តាមប្រភពពីកងទ័ពកម្ពុជា នៅតាមបន្ទាត់ព្រំដែន បានឱ្យដឹងថា មុនការផ្ទុះអាវុធទាហានរបស់កម្ពុជា បានចុះល្បាតតាមបន្ទាត់ព្រំដែនដែលត្រូវទទួលខុសត្រូវ ក្នុងតំបន់មុំ៣ ស្ថិតឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពេលនោះ ស្រាប់តែកងទ័ពថៃ បានចាប់ផ្តើមផ្ទុះអាវុធមកលើកងទ័ពកម្ពុជា និងមានការបាញ់តមតវិញ ដើម្បីការពារខ្លួន។ ការប៉ះទង្គិចគ្នាប្រមាណ ១០នាទីនោះ ក៏មានការបាញ់ផ្លោកកាំភ្លើងធន់ធ្ងន់ផងដែរ ប៉ុន្តែប្រភពមិនបានបញ្ជាក់អំពីការទំហំនៃការគ្រោះថ្នាក់របស់កងទ័ពនោះឡើយ។ បើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាប្រាប់សារព័ត៌មាន ថា ពិតជាមានការផ្ទុះអាវុធមួយប្រាវមែននាព្រលឹមថ្ងៃទី២៨ ឧសភានេះ ។
បច្ចុប្បន្នមន្ត្រីជាន់ខ្ពស់យោធាភាគីទាំងសងខាងកំពុងតែធ្វើការចរចគ្នា តាមប្រព័ន្ធទូរសព្ទ ដើម្បីឈានការជួបចរចាគ្នាផ្ទាល់អំពីបញ្ហាជម្លោះនេះ៕


