
រតនៈគិរី៖ ចិត្តនិងបេះដូងប្ដីចិត្តកំណាច ចិត្តអប្រិយសាងពីអ្វីទៅ បានជាធ្វើទង្វើព្រៃផ្សៃដាក់ប្រពន្ធខ្លួនគ្មានអាសូរនាងសោះ លើកដៃវាយដំច្រំធាក់នាងគ្មានត្រាប្រណីមិនឆ្អែកឆ្អន់ហើយ ថែមទាំងយកទឹកក្ដៅចាក់ស្រោចលើនាងឲ្យរលាករលួយពេញខ្លួនប្រាណ ហើយមិនអស់គម្រាមសម្លាប់នាងចោលទៀត ។ បុរសជាប្តីចិត្តអប្រិយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ រចំ ខៀន អាយុ៣២ឆ្នាំ ជនជាតិកាចក់ មុខរបរកសិករ ។ ជនរងគ្រោះជាប្រពន្ធត្រូវបានប្ដីកំណាចចាក់ទឹកក្តៅបណ្ដាលឲ្យរលាកពេញដងខ្លួននោះ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានដឹកបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
បើយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ បានអោយដឹងថា កាលពីវេលាម៉ោង១:០០នាទីយប់រំលងអធ្រាត្រ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ អ្នកទាំង២ រស់ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
ជនរងគ្រោះជាប្រពន្ធឈ្មោះ ពិន វាល អាយុ៣៣ឆ្នាំ ជនជាតិព្រៅ បានដាក់ពាក្យប្តឹងមកសមត្ថកិច្ចថា នៅវេលាម៉ោងកើតហេតុខាងលើ ប្តីរបស់នាងមកពីផឹកស៉ីស្រវឹងនៅផ្ទះអ្នកជិតខាង ពេលមកដល់ផ្ទះវិញ គាត់ក៏បានយកត្បាល់សម្រាប់ទុកបុកគ្រឿង យកមកវាយក្បាលនាងពីក្រោយ ធ្វើឲ្យនាងខ្ញុំដួល រួចប្តីនាងខ្ញុំក៏បានលើកឆ្នាំងដែលកំពុងដាំទឹកក្តៅពុះធ្វើជាសម្លរហូប មកចាក់ពីលើរាងកាយរបស់នាងតែម្តង។
រហូតមកដល់វេលាម៉ោង៦និង២០នាទី ប្តីនាងខ្ញុំក៏បានគំរាមកំហែងថានិងចា,ក់សម្លា,ប់នាងឯងចោល ខណៈ នោះនាងក៏ភ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ទើបនាងខ្ញុំសម្រេចចិត្តមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកន្សែងតែម្តង។
បច្ចុប្បន្ន បុរសរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕