
កំពង់ស្ពឺ៖ មុខសញ្ញាឧក្រិដ្ឋជនដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ដែលបើករថយន្តបុកម៉ូតូកម្មករ-កម្មករិនី ចំនួន ០៣ គ្រឿង បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួស ចំនួន ០៣ នាក់ បង្កការភ្ញាក់ផ្អើលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជនសង្ស័យជាអតីតមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ ដែលត្រូវបានលប់ឈ្មោះ និងបណ្តេញចេញពីក្របខ័ណ្ឌជាច្រើនឆ្នាំមកហើយ។
ករណីបង្កការភ្ញាក់ផ្អើលខាងលើ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រ (៥-៦) ស្ថិតនៅភូមិតាម៉ុល សង្កាត់-ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ។
តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា មានរថយន្ត ០១ គ្រឿង ម៉ាក នីសាន់ ពណ៌ស ស្លាកលេខចង្កូតស្តាំ BB-1778 បើកបរដោយឈ្មោះ ឃៀង ម៉េងលៀង ភេទប្រុស អាយុ ៣១ឆ្នាំ បច្ចុប្បន្នមានទីលំនៅ ភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីទិសខាងលិចឆ្ពោះទៅខាងកើត បានបុកម៉ូតូរះ ចំនួន ០៣ គ្រឿង របស់កម្មករ-កម្មករិនីរោងចក្រជិះចេញពីធ្វើការងារវិលត្រឡប់ទៅលំនៅឋានដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ពេញទំហឹងអូសជាច្រើនម៉ែត្រ។
តាមរបាយការណ៍បានឱ្យដឹងថា ម៉ូតូរងគ្រោះ ទី១៖ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-3387 អ្នកបើកបរមានឈ្មោះ ស៊ិន សំអាត ភេទប្រុស អាយុ ២៣ឆ្នាំ មានអ្នករួមដំណើរម្នាក់ទៀត ឈោះ អាន សុភារា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិព្រៃពាមក្តី ឃុំទំព័រមាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ទី២៖ ម៉ូតូ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-7510 អ្នកបើកបរឈ្មោះ រ៉ា ចាន់ថា ភេទប្រុស អាយុ ២៥ឆ្នាំ អ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ពិន កក្កដា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិថ្មីឧត្តម ឃុំតាំងក្រូច ស្រុកសំរោងទង និង ទី៣៖ ម៉ូតូ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-9562 អ្នកបើកឈ្មោះ ជា ប៊ុនណាក់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអូផ្តៅ ឃុំរស្មីសាមគ្គី ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឆែកក្នុងរថយន្តបង្កការបុករះប្រទះឃើញគ្រឿងញៀន ០១កញ្ចប់ធំ ប្រហែល ១គីឡូក្រាម អ្នករងរបួសធ្ងន់-ស្រាល ចំនួន ០៥ នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីជួយសង្គ្រោះ ប៉ុន្តែជាអកុសលនារីរងគ្រោះម្នាក់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ព្រោះស្ថានភាពធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះទាន់ពេលវេលា។
ចំពោះអ្នកបើកបររថយន្តជាងមុខសញ្ញាឧក្រិដ្ឋជនដឹកជញ្ជូន និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់វ៉ៃខ្នោះភ្លាមៗយកទៅសាកសួរតាមនិតិវិធី។ ចំពោះវត្ថុតាងរថយន្ត ០១គ្រឿង និងម៉ូតូទាំង០៣គ្រឿង បានប្រគល់ជូនការិយាល័យ ចរាចរណ៍ខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធី៕