2025-05-21 11:39
13

ព្រះសីហនុ៖   ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាព ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសម្តេចអញ្ជើញមកស្នាក់នៅ និងទទួលជួបជាមួយក្រុមវិនិយោគ ចំនួន ២០០ ក្រុមហ៊ុន នាពេលខាងមុខ រដ្ឋបាលក្រុងព្រះសីហនុ ហាមឃាត់ដាច់ខាតការបង្ហោះដ្រូន «Drone» គ្រប់ប្រភេទ ដើម្បីថតយករូបភាព និងចាប់យកព័ត៌មានផ្សេងៗនៅជុំវិញបរិវេណក្បែរភូមិគ្រឹះសម្តេច ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២៥។ 

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាននៅព្រលប់ថ្ងៃទី២០ឧសភានេះ។

រដ្ឋបាលក្រុងព្រះសីហនុ ជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាជ្រាបថា៖ «នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០ នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាព ជូនចំពោះសម្តេចធិបតី គឺហាមឃាត់ដាច់ខាតការបង្ហោះដ្រូន «Drone» គ្រប់ប្រភេទ ដើម្បីថតយករូបភាព នៅជុំវិញបរិវេណក្បែរភូមិគ្រឹះសម្តេច»។

«ក្នុងករណីមានការបង្ហោះដ្រូន “Drone” ដោយគ្មានការអនុញ្ញាត អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់សកម្មភាព និងពុំទទួលខុសត្រូវលើការខូចខាតនោះឡើយ»។ នេះបើតាមការបញ្ជាក់ក្នុងលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ក្រោយទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការ និងយោគយល់អធ្យាស្រ័យ។ រដ្ឋបាលក្រុងសង្ឃឹមនិងជឿជាក់ថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះដោយស្មារតី ទទួលខុសត្រូវខ្ពស់៕