2025-05-21 15:21
91

ភ្នំពេញ៖ អតីតសណ្ឋាគារ «អង្គរមានជ័យ» ដែលបច្ចុប្បន្នបានក្លាយទៅជាអគារសហកម្មសិទ្ធ មានអាយុកាលជាង ៧០ឆ្នាំ ដែលមានប្រជាពលរដ្ឋរស់នៅ និងគ្រប់គ្រងប្រមាណជាង ៦០គ្រួសារ ត្រូវបានអាជ្ញាធរ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រុះសម្រួលដោះស្រាយគោលនយោបាន និងបានឱ្យចាកចេញលក្នុងរយះពេល ១៥ថ្ងៃ នៃថ្ងៃឱសានវាទ ពេលនេះក្រុមការងារគណៈកម្មការចម្រុះ បានចុះទៅហ៊ុំព័ទ្ធអាគារសហកម្មសិទ្ធនេះ គ្រោងរៀបចំវាយកម្ទេចចោល ដើម្បីចៀសវាងការបាក់រកលំបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។

អគារសហកម្មសិទ្ធ ជាអតីតសណ្ឋាគារអង្គរមានជ័យ មានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្សកែងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានគណៈកម្មការចម្រុះចុះហ៊ុំព័ទ្ធនេះធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយក្រុមការងារបច្ចេកទេសជំនាញ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរមូលដ្ឋានរដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ។

លោក ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលការងារ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «កិច្ចការងារនេះ ក្រុមជំនាញបានចំណាយពេលជិត១ឆ្នាំ ក្នុងការដោះស្រាយគោលនយោបាយ សម្របសម្រួល ជូនពលរដ្ឋ ដែលកំពុងរស់នៅ និងគ្រប់គ្រងអគារសហកម្មសិទ្ធ អតីតសណ្ឋាគារអង្គរមានជ័យ ចំនួន ៦៥ គ្រួសារ»

លោកបានបញ្ជាក់ថា៖ «ដោយកត្តាព្រួយបារម្ភខ្ពស់ ពីគុណភាពសំណង់មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលអាចប្រឈមនឹងការបាក់រលំជាយថាហេតុបានគ្រប់ពេល ទើបក្រសួងរៀបចំដែនដី ដែលជាក្រសួងជំនាញ លើការគ្រប់គ្រងសំណង់ ត្រូវចាំបាច់គិតគូរ និងដោះស្រាយកិច្ចការងារនេះឱ្យបានលឿន និងរហ័សបំផុតបែបនេះ»។ 

សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ ជាអតីតសណ្ឋាគារ «អង្គរមានជ័យ» មានក្រឡាផ្ទៃបាត ទំហំសរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ ជាន់ ស្មើនឹង ១០៧បន្ទប់ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះ មានអាយុ ៧៥ឆ្នាំ៕