2025-05-21 11:43
82

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំាពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ បានប្រតិកម្ម និងឆ្លើយតមភ្លាមៗចំពោះចុះផ្សាយចោទប្រកាន់ខុសការពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយចំនួន ពាក់ព័ន្ធនឹង «មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមកម្ពុជា» ដែលមានញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសច្រាលចោលទាំងស្រុងចំពោះការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួន នាថ្មីៗនេះ។ 

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា «កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្នានយោធាដាច់ខាត»។ 

«ក្រោយការដាក់ឱ្យដំណើរការប្រើប្រាស់កន្លងមក កម្ពុជាបានអនុញ្ញាតឱ្យនាវាបរទេសចូលមកសំចតជាហូរហែនៅកំពង់ផែសមុទ្ររាម ដែលក្នុងនោះ មាននាវាកងទ័ពជប៉ុន ត្រូវបានអនុញ្ញាតឱ្យចូលចតមុនគេបង្អស់ បន្ទាប់ពីកំពងផែសមុទ្ររាម ត្រូវបានសម្ពោធជាផ្លូវការ បន្ទាប់មកមាននាវាកងទ័ពវៀតណាម នាវាចិនជាដើម។ ពួកគេបានប្រើប្រាស់កំពង់ផែសមុទ្ររាមដោយរីករាយ ដែលនេះជាភស្តុតាងជាក់ស្តែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររាមរបស់កម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ ឈុំ សុជាត។

អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា៖ «ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសស្វាកមន៍ផងដែរ នូវបណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា»។ 

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បញ្ជាក់បន្ថែមទៀតថា៖ «ទោះជាយ៉ាងនេះក្តី រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជាដែលជាម្ចាសផ្ទះជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ ដែលយើងសង្ឃឹមថា នៅថ្ងៃខាងមុខ នឹងមាននាវាកងទ័ពប្រទេសជាមិត្តជាបន្តបន្ទាប់ទៀត នឹងចូលចតនៅកំពង់ផែរាមនេះ»