
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលិខិតអន្តរាគមន៍ឲ្យអាជ្ញាធររាជធានីភ្នំពេញ បើកផ្លូវសាធារណៈនៅចំណុច ផ្លូវ១៤៤ ដែលជាផ្លូវឌឿងហែមស្ថិតក្នុងក្រុម ៤៨ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈឡើងវិញ។
កិច្ចអន្តរាគមន៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីរកឃើញថា «លោកស្រី ទី សុកលាង និងក្រុមគ្រួសារ កាន់កាប់ដីច្រកផ្លូវដើរសាធារណៈនេះ ដោយរំលោភលើផ្លូវសាធារណៈរបស់រដ្ឋ និងមិនមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ»។
ការអន្តរាគមន៍ខាងលើ បន្ទាប់ពីក្រសួងយុត្តិធម៌បានពិនិត្យទៅលើភស្តុតាង ការអះអាងរបស់ភាគី និងមូលដ្ឋានច្បាប់ភូមិបាលឆ្នាំ២០០១ ត្រង់មាត្រា ១៩ មាត្រា ៤៣ និងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២០ ត្រង់មាត្រា ៧៣៕