
ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញានេះ បានប្រកាសគាំទ្រចំពោះកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ និងបានជំរុញឲ្យភាគីទាំងពីរបន្តកិច្ចសន្ទនាគ្នាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការ ដើម្បីគោរពបទឈប់បាញ់។
ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ប្រទេសបារាំងស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់»។
ជាមួយគ្នានេះ ប្រទេសបារាំង បានស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងបំពេញការងាររួមគ្នា ដើម្បីដោះមីននៅតាមព្រំដែន។
ប្រទេសបារាំងបញ្ជាក់សាជាថ្មីនូវការគាំទ្រដ៏ពេញទំហឹងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះដើម្បីស្ថិរភាពក្នុងតំបន់៕

