2025-10-09 15:51
11

មុនដល់ចម្លើយនេះ អ្នកវិភាគចិត្តសាស្ត្រសង្គ្រាម និងភូមិសាស្ត្រនយោបាយ សូមឱ្យបងប្អូនអានស្វែងយល់ នៅរឿង ចំនួន ៥ ចំណុចជាមុនសិន!
ទី១៖ ក្នុងសង្គ្រាមប្រាំថ្ងៃ មានមតិជាច្រើនបានលើកមកថា បើសិនជាគ្មាន “បទឈប់បាញ់” នោះទេ ខ្មែរយើងប្រាកដជាចាញ់នៅក្នុងសង្គ្រាម។ អ្នកជំនាញបានសួរទៅវិញថា តើផ្អែកលើអ្វី? បើតាមលោកផ្អែករឿងពីរយ៉ាងចម្បង ទីមួយ) ពេលប្រយុទ្ធគ្នារយៈពេលកន្លះថ្ងៃដំបូង សៀមសុំខ្មែរចរចា ប៉ុន្តែខ្មែរមិនព្រម ដូច្នេះបញ្ជាក់បានថា បើខ្មែរខ្លាចសង្គ្រាមសៀមឈ្លានពាន គឺប្រាកដជាភាគីខ្មែរយល់ព្រមទទួលយកការចរចា ដើម្បីបញ្ចប់សង្គ្រាមហើយ និងទីពីរ) ខ្មែរមិនខ្វះកងទ័ព និងសព្វាវុធ ធ្វើសង្គ្រាមទប់ទល់ សៀមឈ្លានពានទេ បើសិនជាគេនិយាយថាហេតុអ្វីមិនបាញ់ទម្លាក់យន្តហោះចម្បាំងរបស់សៀម? ហេតុអ្វីប្រើប្រាស់អាវុធកម្រិតខ្ពស់បាញ់ឆ្លើយតបទៅសៀម សូមឱ្យពួកគេទៅមើលសំណេរខ្ញុំបានសរសេរកាលពីម្សិលមិញបាន។ ហើយបើគេនិយាយមកថា ខ្មែរយើងបានសុំការអន្តរាគមន៍ ប្រាប់គេវិញថា គឺជាការរាយការណ៍ ដើម្បីមានភាពស្របច្បាប់នៃសង្គ្រាម និងបញ្ជាក់ថា មិនមែនខ្មែរជាឈ្លានពានសៀមនោះទេ គឺជាសៀមជាអ្នកឈ្លានពានខ្មែរ ដូច្នេះខ្មែរយើងត្រូវការប្រើប្រាស់សិទ្ធិក្នុងការការ ពារខ្លួន ឬក៏ឆ្លើយតបទៅនិងទង្វើឈ្លានពានរបស់សៀម បើមិនដូច្នេះទេសៀមអាចទៅប្ដឹងមកលើខ្មែរយើងមុន ទៅកាន់ស្ថាប័នអន្តរជាតិដើម្បីថ្កោលទោសខ្មែរ ដើម្បីមានការគាំទ្រសង្គ្រាមសៀមឈ្លានពាន និងងាយស្រួលដល់សៀមឈ្លានពានខ្មែរបន្ត។

ទី២៖ ការប្រកាសបទឈប់បាញ់ដោយ ដូណាល់ត្រាំ ហាក់បីដូចជួយសៀម នៅលើរឿង ២ យ៉ាង គឺទីមួយ) យុទ្ធសាស្ត្រប្រយុទ្ធ បងប្អូនក៏បានដឹងដែរថា ពូកែទ័ពព្រៃ និងប្រើប្រាស់ប្រភេទកាំជ្រួច ដើម្បីទប់ទល់ ឬឆ្លើយតបសង្គ្រាម ចំណែកសៀម គឺប្រើប្រាស់យន្តហោះចម្បាំង ដើម្បីទម្លាក់គ្រាប់ បើកផ្លូវទៅរកការគ្រប់គ្រងទីតាំង ដូច្នេះការតតាំងសង្គ្រាម នៅក្រោយពេលដែលដូណាល់ត្រាំ ប្រកាសមុន ២៤ ម៉ោង វាធ្វើឲ្យសៀមមានប្រៀបមកលើខ្មែរ ព្រោះទ័ពព្រៃ មិនអាចប្រើប្រាស់រយៈពេលដ៏ខ្លី ដើម្បីយកឈ្នះ ការប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែក បើកផ្លូវឱ្យកងទ័ពសៀមបានឡើយ ហើយយើងក៏មិនអាចប្រើប្រាស់ប្រព័ន្ធការពារដែលអាកាស KS-1C ដែរ ព្រោះតែក្បែរព្រំដែនពេក យើងបានត្រឹមតែប្រើប្រាស់កាំជ្រួចបាញ់ទៅកំទេច និងជ្រុំកុំឱ្យចូលមក និងប្រើប្រាស់ទ័ពព្រៃ ដើម្បីទប់និងប្រដេញ កុំឱ្យយន្តហោះចម្បាំងសៀម អាចចាប់ទីតាំងបាន និងកងទ័ពសៀមចូលមក (នេះជាការសង្ខេប ក្នុងយុទ្ធសាស្ត្រមានច្រើនទៀត)។ ទីពីរ) សមត្ថភាពឆ្លើយតប ឬក៏ការវាយបកក្នុងសង្គ្រាមរបស់ខ្មែរ អាចមានប្រសិទ្ធភាពភាពខ្ពស់ បើសង្គ្រាមមានបន្ត ពីព្រោះថា ការប្រយុទ្ធ ២-៣ ថ្ងៃដំបូង យើងប្រើប្រាស់ការទប់ទល់នឹងការថ្កោលទោសជាគោល ជាមុនសិន ដើម្បីមានភាពស្របច្បាប់នៅក្នុងសង្គ្រាម ហើយសៀមបានធ្វើខុស ចំនួន ០២ លើក មកហើយ លើកទីមួយ ការអន្តរាគមន៍របស់ប្រធានអាស៊ាន និង លើកទីពីរ ការអន្តរាគមន៍របស់ប្រធានអង្គការសហប្រជាជាតិ ក្រោយពីសៀមបំពាន ទើបដល់សង្គ្រាមថ្ងៃទី៤ ខ្មែរវ៉ៃដាក់ទៅខ្លាំងកម្លាំងកងទ័ព និងសព្វាវុធរបស់សៀមពេកនោះ អាចថាស្ទើរតែទប់ទល់លែងជាប់ជាមួយខ្មែរ ប៉ុន្តែបែរជា ដូណាល់ត្រាំ ទាក់ទងខលមកនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត ដើម្បីធ្វើការសម្របសម្រួលឱ្យមានបទឈប់បាញ់។ នេះហើយជាចំណុចដែលខ្មែរយើង ចាញ់ប្រៀបគេ គឺគ្នាគេ បានជួយគ្នាគេ និងទុកពេលវេលាឱ្យគ្នាគេរៀបចំសព្វាវុធ និងកងទ័ពបន្ថែម។

ទី៣៖ ទង្វើការបំពានបទឈប់បាញ់របស់សៀម ប៉ុន្តែក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបង្កើតបទឈប់បាញ់ បែរជាមិនប្រតិកម្មអ្វីទាំងអស់ បើនិយាយអំពីលិខិតផ្ញើជូនគ្មានការឆ្លើយតបថែមទៀត អាចធ្វើឱ្យសៀមអាចបំពានខ្មែរបានតាមចិត្ត មកព័ទ្ធបន្លាលួសយកដីខ្មែរ ប្រើផ្សែងពុល បាញ់គ្រាប់ឃ្លី ចល័តទ័ព ធ្វើលេណដ្ឋាន និងសៀមបានបំពាន បទឈប់បាញ់ បាញ់មកកងទ័ពខ្មែររយៈពេល ១ ម៉ោង កាលពីថ្ងៃទី២៧ ខែ កញ្ញា បែរជាសហរដ្ឋអាមេរិក នៅស្ងៀមស្ងាតគ្មានប្រតិកម្មអ្វីទាំងអស់ បើសិនជារាល់ទង្វើទាំងអស់ហ្នឹងជាទង្វើរបស់ខ្មែរវិញ ប្រាកដជាពួកគេចេញមុខថ្កោលទោសលើកខ្មែរ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្មែរ មិនតែប៉ុណ្ណោះប្រហែលជាអាចគាំទ្រសង្គ្រាមឱ្យសៀមឈ្លានពានខ្មែរដោយស្របច្បាប់ថែមទៀត។

ទី៤៖ សៀមលែងមានច្រកចេញ ព្រោះបំពានបទឈប់បាញ់ក៏មានហើយមកព័ទ្ធបន្លាលួសយកដីខ្មែរបន្តទៀតក៏លេងបានដែរ គឺខ្មែរទប់ទល់បានគ្រប់ច្រក ដូច្នេះមានតែវិធីមួយទេ គឺឱ្យសហរដ្ឋអាមេរិក ឬដូណាល់ត្រាំ មកចូលរួមកិច្ចប្រជុំអាស៊ាននាពេលខាងមុខ រួចក៏ចូលរួមធ្វើជាកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម ខ្មែរ-សៀម ថែមទាំង មិនឲ្យចិនចូលរួម ល្បិចរបស់ពួកគេនេះមិនខុសពីមុនទេ បើសិនខ្មែរទទួលយក គឺខ្មែរត្រូវនៅស្ងៀមទោះបីសៀមធ្វើអ្វីក៏ដោយ ឱ្យគេធ្វើតាមចិត្តបន្តទៀត មុនពេលមានកិច្ចព្រមព្រៀង ព្រោះតែខ្លាចខូចកិច្ចព្រមព្រៀងនាពេលខាងមុន និងរឿងដែលមិនឲ្យចិនចូលរួមអាចធ្វើឱ្យទំនាក់ទំនង ខ្មែរឥចិន អាចចុះខ្សោយមិនល្អជាមួយគ្នាបន្តទៀត ហើយចិន ក៏អាចឈប់ការពារខ្មែរបន្តទៀតដែរ ដូច្នេះបើសិនខ្មែរយើងប្រកាសថាគាំទ្រលើការឲ្យមានកិច្ចព្រមព្រៀងហ្នឹង ដឹងតែខ្មែរយើងចូលល្បិចគេបន្តទៀត។
ទី៥៖ សន្ធិសញ្ញាព្រំដែន បារាំង-សៀម បើសហរដ្ឋអាមេរិកឬដូណាល់ត្រាំ ចង់បញ្ចប់សង្គ្រាម ខ្មែរ-សៀម ពិតមែន មិនបាច់មកធ្វើកិច្ចព្រមព្រៀងអ្វីទេ គ្រាន់តែប្រកាសឲ្យសៀម ត្រូវតែគោរពលើសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ និង MOU ឆ្នាំ២០០០ ទៅបានហើយ ពីព្រោះកិច្ចព្រមព្រៀង និងសន្ធិសញ្ញា ខ្មែរ-សៀម មានអស់ហើយ មិនបាច់ធ្វើនិងមានព្រមព្រៀងអ្វីទៀតទេ និងអាចចាត់ទុកដូណាល់ត្រាំ គឺជាអ្នកស្វែងរកសន្តិភាពពិភពលោកនឹងបានពានរង្វាន់ណូប៊ែលសន្តិភពលោកផងដែរ។ ប៉ុន្តែអាចជាមានកលល្បិចទេដឹង? បានធ្វើបែបហ្នឹង ឬចង់ធ្វើកិច្ចព្រមព្រៀងតំបន់ ឬទឹកដីដែលសៀមបានគ្រប់គ្រងឱ្យទៅសៀមទេដឹង? ហើយមកជាន់ក ខ្មែរត្រូវតែព្រម ក្រោមលេសជាមួយហេតុផលថា បើសិនជាខ្មែរមិនទទួលយកទេ មានន័យថាខ្មែរជាអ្នកឈ្លានពានសៀម រួចប្រ កាសថ្កោលទោសមកលើខ្មែរ រួចទៅគាំទ្រសង្គ្រាមឱ្យស្ងៀមឈ្លានពានខ្មែរ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្មែរទេដឹង?

ដូច្នេះចម្លើយ សម្រាប់បងប្អូន គឺអាចស្វែងយល់ដោយខ្លួនឯងបានក្រោយពីអាននូវការបកស្រាយប្រាំចំណុចខាងលើដោយមិនចាំបាច់បកស្រាយថាយ៉ាងណាទេ បងប្អូនអាចដឹងនៅក្នុងចិត្តខ្លួនឯងហើយ។ ការរៀបរាប់នេះ គ្រាន់តែជាការសន្និដ្ឋាន ឬក៏ការព្យាករណ៍ នៅចំណុច ស ឬខ្មៅ ក្នុងទិសដៅ ឬជាដំបៅដែលយើងធ្លាប់ឈឺម្ដងមកហើយ និងសង្ឃឹមថាបងប្អូនអាចស្វែងយល់ និងសូមគោរពអរគុណក្នុងការចំណាយពេលវេលាដ៏មានតម្លៃអានដល់ចប់៕