
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់លិខិតជូនលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស «OHCHR» ពាក់ព័ន្ធនឹងការបន្តតាមដានលើការគំរាមកំហែងដែលបន្តកើតមានលើសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋកម្ពុជា តាមព្រំដែន កម្ពុជា-ថៃ។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបញ្ជក់ថា «ច្បាប់អាជ្ញាសឹក មិនអាចអនុវត្តលើប្រជាជននៅលើទឹកដីប្រទេសដទៃបានទេ។ យើងសង្ឃឹមថា អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ ដែលមានអាណត្តិក្នុងការលើកកម្ពស់ និងការពិនិត្យតាមដានសិទ្ធិលំនៅឋានសមរម្យ នឹងចាត់វិធានការជាក់ស្តែង និងទាន់ពេលវេលា ដើម្បីដោះស្រាយ និងទប់ស្កាត់ការរំលោភបំពានសិទ្ធិទទួលបានលំនៅឋានសមរម្យ ដែលត្រូវបានធ្វើទុកបុកម្នេញពីយោធាថៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ»។
យោងតាមលិខិតរបស់លោក កែវ រ៉េមី បានគូសបញ្ជាក់សាជាថ្មី ចំពោះញត្តិបន្ទាន់ របស់ គ.ស.ម.ក. ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងសកម្មភាពរបស់កងទ័ពថៃរំលោភបំពានទឹកដីកម្ពុជា ដោយបានរាយបន្លាលួស រារាំងមិនឱ្យប្រជាជនកម្ពុជាចូលទៅកាន់ផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគាត់បាន និងបានគំរាមកំហែងដល់សិទ្ធិ និងសុវត្ថិភាព របស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅតាមបណ្តោយព្រំដែននោះ។
ទោះបីជាមានកិច្ចព្រមព្រៀង ស្តីពី បទឈប់បាញ់ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ព្រមព្រៀង ទាំង១៣ ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ ក៏ដោយ ក៏ គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយបានទទួលរបាយការណ៍គួរឱ្យទុកចិត្តបានថា កងទ័ពថៃមានគម្រោងប្រើប្រាស់ «ច្បាប់អាជ្ញាសឹក» ដើម្បីបណ្តេញប្រជាជនកម្ពុជា ចេញដោយបង្ខំពីផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគាត់ ដែលស្ថិតក្នុងដែនដីកម្ពុជា។ ប្រជាជនកម្ពុជា ដែលត្រូវបានបណ្តេញចេញដោយបង្ខំរួចហើយ និងអ្នកដែលកំពុងរងការគំរាមកំហែងពីការបណ្តេញចេញដោយបង្ខំ កំពុងទទួលរងនូវការឈឺចាប់ និងទុក្ខលំបាកជាទម្ងន់។ គ្រួសារទាំងនោះ បានរស់នៅលើទីតាំងនេះជាច្រើនជំនាន់មកហើយ ដោយមិនត្រឹមតែបានកសាងជាផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែជាសហគមន៍ ជាកន្លែងប្រកបរបរចិញ្ចឹមជីវិត ហើយអត្តសញ្ញាណវប្បធម៌ ក៏បានចាក់ឫសគល់យ៉ាងជ្រៅនៅកន្លែងនោះ។
ការបាត់បង់ផ្ទះសម្បែង គឺបានន័យថា «បាត់បង់ទីជម្រក សុវត្ថិភាព សន្តិសុខ និងការទទួលបានសេវាជាមូលដ្ឋាន» ផ្សេងៗដែលជាមូលហេតុបង្កឱ្យមានភាពគ្មានផ្ទះសម្បែងជ្រកកោន ភាពក្រីក្រ និងអស្ថិរភាពសង្គម។ កុមារត្រូវបង្ខំឱ្យបោះបង់ចោលការសិក្សា មនុស្សចាស់ត្រូវប្រឈមនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ ស្ត្រី និងក្រុមជនងាយរងគ្រោះដទៃទៀត ត្រូវស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំង។ ផលប៉ះពាល់ផ្នែកផ្លូវចិត្តដោយសារការរស់នៅក្រោមភាពមិនប្រាកដប្រជា ការគំរាមកំហែង និងការភ័យខ្លាចពីការបាត់បង់ផ្ទះសម្បែងរបស់ខ្លួនបានធ្វើឱ្យទុក្ខលំបាកពួកគាត់កាន់តែធ្ងន់ធ្ងរឡើងៗ។
គ.ស.ម.ក. សូមស្នើសុំអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ ដែលមានអាណត្តិក្នុងការលើកកកម្ពស់ និងពិនិត្យតាមដានសិទ្ធិមនុស្សក្នុងការទទួលបានលំនៅឋានសមរម្យ ទំនាក់ទំនងជាបន្ទានជាមួយរដ្ឋាភិបាលថៃ ដើម្បីធានាដល់ការគោរពសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាជនកម្ពុជាដែលបានរងផលប៉ះពាល់ បង្ការការរំលោភបំពានណាមួយផ្សេងទៀត និងសម្របសម្រួលឱ្យមានវិធានការដោះស្រាយសមរម្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
គ.ស.ម.ក. មានការខកចិត្តយ៉ាងខ្លាំង ដែលអ្នករាយការណ៍ពិសេសមិនបានឆ្លើយតបនឹងញត្តិបន្ទាន់របស់ គ.ស.ម.ក. ហើយការបន្តភាពស្ងៀមស្ងាត់បែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើយន្តការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ និងប្រសិទ្ធភាពនៃយន្តការនីតិវិធីពិសេស។ នៅពេលសហគមន៍ត្រូវប្រឈមមុខនឹងការបណ្តេញចេញដោយបង្ខំ ការចូលរួមរបស់អ្នកទទួលបានអាណត្តិនៃនីតិវិធីពិសេសនេះ ក្នុងការតស៊ូមតិជាសាធារណៈទាន់ពេលវេលាពិតជាមានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់ការខូចខាតដែលមិនអាចស្តារឡើងវិញបាន។
គ.ស.ម.ក. សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចសហការបែបស្ថាបនាជាមួយរាល់យន្តការសិទ្ធិ មនុស្សទាំងអស់របស់អង្គការសហប្រជាជាតិ។ យើងយកចិត្តទុកដាក់ខ្ពស់លើសារៈសំខាន់នៃសកម្មភាពដែលមានលក្ខណៈសកម្ម និងឆ្លើយតប របស់អ្នកទទួលបានអាណត្តិនេះ ជាពិសេសអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ ក្នុងការដោះស្រាយបញ្ហាសិទ្ធិមូលដ្ឋានរបស់សហគមន៍ដែលងាយរងគ្រោះ។ សុចរិតភាពនៃប្រព័ន្ធសិទ្ធិមនុស្ស គឺអាស្រ័យលើការផ្តល់នូវកិច្ចអន្តរាគមន៍ភ្លាមៗ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាព។គ.ស.ម.ក. សូមជំរុញឲ្យអ្នករាយការណ៍ពិសេសដោះស្រាយបញ្ហានេះជាបន្ទាន់ និងគាំទ្រដល់សំណើរបស់កម្ពុជា ដែលស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ។ គ.ស.ម.ក. មានក្តីរំពឹងលើការចូលរួមរបស់អ្នករាយការណ៍ពិសេស ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌ អន្តរជាតិ និងយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃអំពើខុសច្បាប់បែបនេះ៕





