
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានដាក់លិខិតផ្លូវការជូនអភិបាលខេត្តស្រះកែវ របស់ថៃ ដោយបញ្ជាក់ថា «ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ បានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទីតាំងនេះ ប្រជាពលរដ្ឋកម្ពុជា បានរស់នៅកាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០»។
ក្នុងលិខិតរបស់លោក អ៊ុ រាត្រី ចុះថ្ងៃទី០៨ ខែតុលានេះ បានឱ្យដឹងថា ករណី រដ្ឋបាលខេត្តស្រះកែវ តវ៉ាចំពោះការសាងសង់ជម្រកបណ្តោះអាសន្ន ឈូសឆាយ តំបន់ជុំវិញ ហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្តុំនៅតំបន់ដែលទាមទារនៅចំណុច TA ៥២១២៣០ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះ គឺជាការឆ្លើយតមទៅនឹងលិខិតលេខ.សក ០០១៨.២/២០៨ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ របស់សាលាខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។
លោក អ៊ុ រាត្រី បានប្រាប់ទៅអភិបាលខេត្តស្រះកែវ តាមរយៈលិខិតផ្លូវការថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទីតាំងខាងលើនេះ ប្រជាពលរដ្ឋ កម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ ២០០០។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបញ្ជាក់ជូនថា «ជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងតំបន់នេះក្នុងពេលមានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា»។ ម៉្យាងវិញទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ឡើងវិញថា «សកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្តុំនៅតំបន់ខាងលើ គឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ ពួកគាត់តែប៉ុណ្ណោះ»។
បន្ថែមលើនេះ អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងជម្រកបណ្តោះអាសន្នខាងលើនេះ គឺជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលួសបន្លា សំណាញ់ខ្មៅ រនាំង និងដាក់កង់ឡាន ដែលនាំឱ្យពួកគាត់បាត់បង់ទីជម្រកអចិន្ត្រៃយ៍ និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទីតាំងខាងលើ។ បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និងការលំបាកក្នុងការដោះស្រាយបញ្ហា ព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជាថ្មីថា «រដ្ឋបាលខេត្តយើងទាំងពីរមិនមានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ»។ យោងតាម MOU ឆ្នាំ ២០០០, កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោល គឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំ JBC។ ក្នុងន័យនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់ JBC រដ្ឋបាលខេត្តយើងទាំងពីរបន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការ បញ្ឈប់រាល់សកម្មភាព ដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។
លោក អ៊ុ រាត្រី បានប្រាប់ទៅអភិបាលខេត្តកែវ ថា «សូមឱ្យមានការអត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែន ហើយនៅក្នុងអំឡុងពេលរង់ចាំនេះ សូមចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដើម្បីជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ»៕



